ចក្រភពអង់គ្លេស (UK) សង្ឃឹមថា ទំនាក់ទំនងដែលប្រសើរឡើងជាមួយដៃគូអឺរ៉ុប នឹងជួយឲ្យប្រទេសនេះ កាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ ខណៈដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអឺរ៉ុបប្រមាណ ៥០រូប សម្រាប់កិច្ចប្រជុំលើកទី៤ នៃសហគមន៍នយោបាយអឺរ៉ុប (EPC) កាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលនៅវិមាន Blenheim ក្នុងទីក្រុង Oxfordshire នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាសំខាន់ៗដូចជាការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ និងសន្តិសុខជាតិ តម្រូវឲ្យមាន «ភាពចាស់ទុំ និងភាពជាអ្នកដឹកនាំ»។

លោក Starmer បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកចំពោះដំណោះស្រាយជាក់ស្តែងដែលស្របតាមច្បាប់អន្តរជាតិ ផ្ទុយពីវិធីសាស្រ្តអភិរក្សពីមុនដូចជា «គម្រោងរ្វ៉ាន់ដា (Rwanda Scheme)» ដែលត្រូវបានបញ្ចប់ នៅពេលដែលលោក ចូលកាន់តំណែង។
លោក Starmer ដែលដឹកនាំគណបក្សការងារទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល នាពេលថ្មីៗនេះ បានព្រមានថា៖«ពុំមានប្រាក់គ្រប់គ្រាន់» ដើម្បីដោះស្រាយការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ទេ។ រដ្ឋាភិបាលរបស់លោក បានបង្ហាញពីក្តីសង្ឃឹមចំពោះ «ការស្តារឡើងវិញ»នូវទំនាក់ទំនងជាមួយដៃគូអឺរ៉ុប ដែលមានភាពតានតឹង ដោយសារអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប(Brexit)។