
យោធា បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានធ្វើការផ្សព្វផ្សាយការឃោសនាដោយប្រើឧបករណ៍បំពងសំឡេង ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជាការឆ្លើយតបទៅនឹងយុទ្ធនាការបង្ហោះបាឡុងផ្ទុកសំរាមនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងប្រឆាំងនឹងកូរ៉េខាងត្បូង។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់ក្រុមអ្នកយកព័ត៌មានថា យុទ្ធនាការផ្សព្វផ្សាយនេះ បានធ្វើឡើង ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍ ដល់ព្រឹកថ្ងៃសុក្រនេះ នៅក្នុងតំបន់ក្បែរកន្លែងដែលបាឡុង ត្រូវបានបង្ហោះ។ JCS មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើកូរ៉េខាងជើង មិនអើពើនឹងការព្រមានរបស់យើង ហើយធ្វើសកម្មភាពបែបនេះម្តងទៀត យោធារបស់យើង នឹងធ្វើឲ្យប្រាកដថា នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឲ្យកូរ៉េខាងជើង ទទួលខុសត្រូវយ៉ាងពិតប្រាកដ»។

JCS បានថ្កោលទោសកូរ៉េខាងជើងចំពោះទង្វើ «ឥតកោតក្រែង និងដ៏កខ្វក់បែបនេះ នៅពេលដែលប្រជាជនកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងទទួលរងការប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយបានព្រមានថា ការឆ្លើយតបរបស់យោធាឆ្ពោះទៅមុខ នឹងអាស្រ័យលើសកម្មភាពរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ផងដែរថា នេះ គឺការផ្សាព្វផ្សាយការឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាងជាលើកដំបូង នៅជិតព្រំដែន ចាប់តាំងពីថ្ងៃទី ៩ ខែមិថុនា នៅពេលដែលកូរ៉េខាងត្បូង បានបន្តការផ្សព្វផ្សាយបែបនេះជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការបង្ហោះបាឡុងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង។