
គេហទំព័រព័ត៌មាន Axios បានសរសេរដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែលថា មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប៉ាឡេស្ទីន បានជួបពិភាក្សាសម្ងាត់ នៅទីក្រុងតែលអាវីវ ( Tel Aviv) កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការបើកឡើងវិញនូវច្រកព្រំដែន Rafah រវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សាស្ទ្រីប។
កិច្ចពិភាក្សានេះ ត្រូវបានចូលរួមដោយទីប្រឹក្សាជាន់ខ្ពស់សេតវិមានទទួលបន្ទុកកិច្ចការមជ្ឈឹមបូព៌ា លោក Brett McGurk ប្រធានទីភ្នាក់ងារសន្តិសុខ Shin Bet របស់អ៊ីស្រាអែល លោក Ronen Bar និងតំណាងជាន់ខ្ពស់របស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) គឺ លោក រដ្ឋមន្ត្រី Hussein al-Sheikh និងប្រធានចារកម្មលោក Majed Faraj។

ប្រភពរបស់គេហទំព័រ Axios បាននិយាយថា មន្ត្រីអាមេរិក បាននិយាយថា ការបើកច្រកឆ្លងកាត់ Rafah ឡើងវិញ នឹងមានសារៈសំខាន់សម្រាប់ការអនុវត្តដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងចំណាប់ថ្នូរ ដែលរួមមានការជម្លៀសសមាជិកក្រុមហាម៉ាស ដែលរងរបួសទៅកាន់ប្រទេសអេហ្ស៊ីប។ ប្រភព Axios បានបន្ថែមថា ការបន្តការងារឆ្លងកាត់ ក៏អាចជាជំហានដំបូងឆ្ពោះទៅរកការបង្កើតយុទ្ធសាស្រ្តក្រោយសង្រ្គាមកាន់តែទូលំទូលាយសម្រាប់ស្ថិរភាព និងការកសាងតំបន់ហ្កាហ្សាឡើងវិញ។
យោងតាមរបាយការណ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅតែប្រឆាំងនឹងការពាក់ព័ន្ធណាមួយរបស់ប៉ាឡេស្ទីន ក្នុងធ្វើឲ្យច្រកឆ្លងកាត់ Rafah ដំណើរការឡើងវិញ។
គេហទំព័រនេះ បាននិយាយថា សេតវិមាន ទីភ្នាក់ងារសន្តិសុខ Shin Bet និង លោក Hussein al-Sheikh បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះ។