
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញនៅថ្ងៃទី៣០ ខែសីហា បានឱ្យដឹងថា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគ នៅកម្ពុជា មានចំនួនប្រមាណ ១៣០រូប។
កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩ មក ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និង ការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន កាល ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
នៅក្នុងឱកាសកិច្ចប្រជុំលើកទី២២នេះ ភាគីទាំងពីរបានបន្តពិភាក្សាលើរបៀបវារៈអាទិភាពមួយ ចំនួន រួម មាន ៖ ១- ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ២-កាតព្វកិច្ច ពន្ធដារ, ៣- ឡូជីស្ទិក, ៤- ការផ្គត់ផ្គង់និងតម្លៃអគ្គិសនី, ៥- ការនាំចូលរថយន្ត ៦- គម្រោងកិច្ចសហប្រ តិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និង ៧- ការរៀបចំសិក្ខាសាលាស្វែងយល់ពីរបៀបប្រើប្រាស់ ប្រព័ន្ធទិន្នន័យស្ដីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់)។
ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិនជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាព នយោបាយ ដែ លជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគ ដែលមានភាពអំណោយផល។
ឯកឧត្តមក៏បានវាយត ម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ ដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សស្របតាមការចង្អុល បង្ហាញនៃគោ លនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្ដល់ការឧបត្ថម្ភសម្ភារ បរិ ក្ខារវេជ្ជសាស្រ្តឡានសង្គ្រោះបន្ទាន់ ព្រមទាំងវ៉ាក់សាំង AstraZeneca ចំនួនមួយលានដូសដល់កម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមក៏បានសម្ដែងនូវក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកា សចរ ANA នឹងចាប់ផ្ដើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរមានការកើនឡើង។
លោកប្រធាន JBAC របស់ភាគីជប៉ុន ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិត ខំ ប្រឹងប្រែងជម្នះរាល់បញ្ហាប្រឈមនានា ដើម្បីផ្តល់នូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ និងបានជម្រាបជូនអង្គប្រជុំពីការប្តេជ្ញាចិត្តរបស់វិនិយោគិនជប៉ុន ក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។
គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨ប៊ីលានដុល្លារអាម៉េរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦៦គម្រោង ដែលមានទុនវិនិយោគសរុ បប្រមាណ ៣៤០លានដុល្លារអាម៉េរិក៕ ដោយ៖ គង់ ឌិន