
ដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់លោក Donald Trump អាជ្ញាធរកិច្ចការបរទេស លោក Lin Chia-lung នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) បាននិយាយថា កោះតៃវ៉ាន់ត្រូវតែពឹងផ្អែកលើខ្លួនឯងផ្ទាល់ សម្រាប់វិស័យការពារជាតិ ហើយទំនងជានឹងបន្តបង្កើនការចំណាយ និងការធ្វើទំនើបកម្មយោធា ដោយគិតដល់ការគំរាមកំហែងដែលខ្លួនត្រូវប្រឈមពីប្រទេសចិន។
គួរបញ្ជាក់ថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក លោក Trump ដែលត្រូវប្រកួតប្រជែងគ្នាជាថ្មីម្ដងទៀតជាមួយប្រធានាធិបតីបច្ចប្បន្ន លោក Joe Biden បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅសប្តាហ៍នេះថា «កោះតៃវ៉ាន់គួរតែបង់ប្រាក់ឲ្យយើង សម្រាប់វិស័យការការពារជាតិ ហើយថា កោះនេះបានដណ្ដើមយកអាជីវកម្មបន្ទះអេឡិចត្រូនិករបស់អាមេរិក»។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុត សម្រាប់កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាដែនដីរបស់ខ្លួន។ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតោន ត្រូវចងដោយច្បាប់ ដើម្បីផ្តល់មធ្យោបាយការពារកោះមួយនេះ។
នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Trump លោក Lin បានប្រាប់អ្នកសារព័ត៌មានបរទេសនៅទីក្រុងតៃប៉ិថា៖ «យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យការពារជាតិ ហើយទំនាក់ទំនងតៃវ៉ាន់-សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយមានការគាំទ្រទ្វេភាគី ដែលកោះតៃវ៉ាន់ទទួលបាននៅសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា៖ «ជាក់ស្ដែង សម្រាប់វិស័យការពារជាតិ យើងត្រូវពឹងផ្អែកលើខ្លួនយើងផ្ទាល់ ពោលនេះគឺជាលក្ខខណ្ឌជាមុន។ ចាប់តាំងពីការចាប់ផ្តើមនូវលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ យើងបានឈរយ៉ាងរឹងមាំតែម្នាក់ឯង ប្រឆាំងនឹងការគំរាមកំហែងរបស់ប្រទេសចិន»។
លោក Lin បាននិយាយទៀតថា៖ «ក្នុងរយៈពេល ៨ឆ្នាំកន្លងមក ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ បានកើនឡើងទ្វេដង ហើយឥឡូវនេះគឺមានកម្រិត ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ខ្ញុំរំពឹងថា វានឹងបន្តកើនឡើងជាលំដាប់»៕