ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រមុខការទូតនៃប្រទេសកូរ៉េខាងត្បូង និងកាណាដា កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាគ្នា អំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខក្នុងតំបន់ សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេស Cho Tae-yul និងសមភាគីកាណាដា លោកស្រី Melanie Joly បានអនុម័ត «ផែនការសកម្មភាព» ដើម្បីអភិវឌ្ឍភាពជាដៃគូលើគ្រប់ជ្រុងជ្រោយលើវិស័យសំខាន់ៗ ដែលរួមមានសន្តិសុខ សេដ្ឋកិច្ច ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បច្ចេកវិទ្យា សុខភាព និងការប្រែប្រួលអាកាសធាតុ។
ក្រសួង បាននិយាយថា លោក Cho និងលោកស្រី Joly បានប្ដេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សារបស់មន្ត្រីការបរទេស និងការពារជាតិជាន់ខ្ពស់របស់ពួកគេ ហើយរៀបចំសម្រាប់កិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចកម្រិតខ្ពស់ «ពីរបូកពីរ» តាមរយៈកិច្ចពិភាក្សាថ្នាក់អគ្គនាយក នៅចុងខែនេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីររូប ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីកិច្ចសហប្រតិបត្តិការផ្នែកយោធា និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី ទាក់ទងនឹងការចុះហត្ថលេខាលើសន្ធិសញ្ញា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេ កាលពីខែមុន។