សហរដ្ឋអាមេរិកបានបើកស្ថានទូត នៅក្នុងប្រទេសកោះប៉ាស៊ីហ្វិក គឺប្រទេសវ៉ានូទូ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) ដោយនេះជាសកម្មភាពចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក នៅក្នុងការប្រកួតប្រជែងដ៏យូរអង្វែងជាមួយប្រទេសចិន ដើម្បីដណ្ដើមឥទ្ធិពល នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា៖ «ការបើកស្ថានទូតនេះ ផ្អែកលើកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់នូវវត្តមានការទូតបន្ថែមទៀត នៅទូទាំងតំបន់ និងដើម្បីចូលរួមបន្ថែមទៀតជាមួយប្រទេសជិតខាងប៉ាស៊ីហ្វិករបស់យើង»។
កាលពីខែមីនា មន្ត្រីក្រសួងការបរទេសម្នាក់ បានប្រាប់សភាអាមេរិកថា សហរដ្ឋអាមេរិក នៅមុនេះ បានបើកស្ថានទូតនៅក្នុងប្រទេសកោះ ២ផ្សេងទៀត គឺកោះសូឡូម៉ុន និងតុងហ្គា ហើយគ្រោងនឹងបើកមួយបន្ថែមទៀត នៅគីរីបាទី។ មន្ត្រីរូបនោះបាននិយាយថា បេសកកម្មនៅគីរីបាទី កំពុងរង់ចាំការយល់ព្រមពីសភា។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងប្រឹងប្រែងបង្កើនវត្តមានការទូតរបស់ខ្លួន នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន ពោលគឺជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន៕