លោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) បានស្នើសុំចៅក្រមសហព័ន្ធឲ្យទម្លាក់ចោលពាក្យបណ្ដឹងកាន់កាប់អាវុធ និងពន្ធ ដែលប្ដឹងប្រឆាំងនឹងរូបលោក ដោយលើកឡើងពីអំណះអំណាងផ្លូវច្បាប់ ដែលធ្វើឡើងដោយលោក Donald Trump។
លោក Hunter Biden វ័យ ៥៤ឆ្នាំ ត្រូវបានកាត់ទោសនៅរដ្ឋ Delaware ក្នុងខែមិថុនា ជុំវិញការចោទប្រកាន់កាន់កាប់អាវុធរបស់សហព័ន្ធ ដែលជាការកាត់ទោសបទល្មើសព្រហ្មទណ្ឌលើកដំបូងជាប្រវត្តិសាស្ត្រលើកូនរបស់ប្រធានាធិបតីអាមេរិកកំពុងកាន់អំណាច។ ជាមួយគ្នានេះ រូបលោកក៏ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទគេចពន្ធផងដែរ នៅក្នុងរដ្ឋ California ហើយគ្រោងនឹងបន្តសវនាការ នៅខែកញ្ញា។
នៅក្នុងឯកសារ កាលពីថ្ងៃទី១៨ ខែកក្កដា ដាក់ទៅចៅក្រមតុលាការសហព័ន្ធ ទាំងនៅ Delaware និង California មេធាវីរបស់លោក Hunter Biden បានស្នើសុំឲ្យលុបចោលការកាត់ទោសកាន់កាប់អាវុធ និងការចោទប្រកាន់ពាក់ព័ន្ធនឹងពន្ធ។ ពួកគេបានលើកឡើងពីសេចក្តីសម្រេចរបស់ចៅក្រមសហព័ន្ធ ក្នុងរដ្ឋ Florida កាលពីថ្ងៃទី១៥ ខែកក្កដា ក្នុងករណីដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹងលោក Trump។
សូមបញ្ជាក់បន្ថែមថា ចៅក្រមសហព័ន្ធ លោកស្រី Aileen Cannon បានច្រានចោលសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោក Trump ពីបទគ្រប់គ្រងឯកសារសម្ងាត់ដោយមិនត្រឹមត្រូវ ក្រោមហេតុផលថាលោក Jack Smith ជារដ្ឋអាជ្ញាពិសេសដែលបានលើកយកការចោទប្រកាន់នេះឡើងប្រឆាំងនឹងអតីតប្រធានាធិបតី ត្រូវបានតែងតាំងដោយខុសច្បាប់៕