បាល់ទាត់៖ គណៈកម្មការត្រួតពិនិត្យទីលាននៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីល្ងាចថ្ងៃទី៣០ ខែសីហាម្សិលមិញ បានចុះពិនិត្យកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នាចុងឆ្នាំ២០២១។

ការចុះពិនិត្យនេះធ្វើឡើងក្រោយឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្មីៗ បានប្រកាសពីការចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup 2020 ដោយបានស្នើសុំយកពហុកីឡដ្ឋានជាតិមរតកតេជោធ្វើជាម្ចាស់ផ្ទះ និងបានទទួលការគាំទ្រពេញទំហឹងពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ផងដែរ។ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការចូលត្រួតពិនិត្យកីឡដ្ឋានជាតិមរតកតេជោនេះគឺដើម្បីធ្វើព័ត៌មាន និងរបាយការណ៍ភ្ជាប់សម្រាប់ធ្វើការដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup ដែលបានពន្យារពេលការប្រកួតមកពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩ ហើយគ្រោងរៀបចំការប្រកួតនាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

គួរដឹងថា បេក្ខភាពដែលមានបំណងដេញថ្លៃប្រជែងធ្វើម្ចាស់ផ្ទះ បាល់ទាត់ជើងឯកអាស៊ាននេះមិនមែនមានតែកម្ពុជាមួយនោះទេគឺមាន ៣ប្រទេសផ្សេងទៀតសុទ្ធតែមានបំណងចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះរួមមានសិង្ហបុរី ថៃ និងឥណ្ឌូនេស៊ីជាដើម។ នេះបើតាមការបង្ហើបឲ្យដឹងរបស់ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍កាលពីថ្មីៗ។ តាមការបញ្ជាក់របស់ឯកឧត្តម សៅ សុខា គោលបំណងនៃការចង់ចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 ដោយស្នើរៀបចំការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះគឺដើម្បីអបអរសាទរ និងផ្សព្វផ្សាយនូវសមិទ្ធផលដ៏អស្ចារ្យនៃសំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះ ក៏ដូចជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕
អត្ថបទ៖ លី ឈុនឡា