ការផ្ទុះជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើង នៅឃ្លាំងគ្រាប់រំសេវនៃកងកម្លាំងចល័តប្រជាប្រិយ អ៊ីរ៉ាក់ នៅជិតរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់។
សេចក្តីថ្លែងការណ៍មួយរបស់កម្លាំងយោធាប៉ារ៉ា បានឲ្យដឹងថា ការផ្ទុះលើកដំបូង បានកើតឡើងនៅវេលាម៉ោង ៧យប់ ម៉ោងក្នុងស្រុក (១៦:00 ម៉ោងសកល) នៅឃ្លាំងគាំទ្រផ្នែកដឹកជញ្ជូននៃកងពលតូច Hashd Shaabi លេខ៤២ ក្នុងតំបន់ Yusufiyah ភាគខាងត្បូងនៃទីក្រុងបាកដាដ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ឧបទ្ទវហេតុនេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសទេដោយសង្កត់ធ្ងន់ថា គណៈកម្មាធិការមួយ ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតមូលហេតុ នៅពីក្រោយឧបទ្ទវហេតុនេះ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ក្រុមសង្គ្រោះ និងក្រុមពេទ្យ និងរថយន្តពន្លត់អគ្គិភ័យ កំពុងនៅកន្លែងកើតហេតុ។
ប្រភពមួយពីក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានស៊ីនហួក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អគ្គិភ័យ ដែលបានឆាបឆេះឡើង បន្ទាប់ពីការផ្ទុះលើកដំបូង និងបំផ្ទុះជាបន្តបន្ទាប់ បានអូសបន្លាយជាច្រើនម៉ោងទម្រាំនឹងក្រុមការពារជនស៊ីវិលនេះ ពន្លត់ភ្លើងនោះ បានទាំងស្រុង។
លោក បាននិយាយថា ពុំទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះនោះទេ ថាតើបណ្តាលមកពីគ្រោះថ្នាក់ ឬការវាយប្រហារដោយយន្តហោះ មិនស្គាល់អត្តសញ្ញាណ។