យានដ្រូនរយៈចម្ងាយឆ្ងាយដែលផលិតដោយអ៊ីរ៉ង់ បានវាយប្រហារកណ្តាលទីក្រុង Tel Aviv នៅព្រឹកព្រលឹមថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ ជាការវាយប្រហារមួយដែលត្រូវបានអះអាងទទួលខុសត្រូវដោយកងជីវពលហ៊ួទី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។
យោងតាមយោធាអ៊ីស្រាអែល បានឲ្យដឹងថា ការផ្ទុះនេះមិនបានបង្កឲ្យមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសនោះទេ ហើយបានធា្លក់ចំអគារមួយ ដោយការវាយប្រហារនេះ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ហើយ ១៨នាក់ទៀត រងរបួស។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោកឧត្តមនាវីទោ Daniel Hagari បាននិយាយថា យោធាបានវាយតម្លៃថា យនដ្រូន គឺជាម៉ូដែល Samad-3 ផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានបាញ់បង្ហោះពីប្រទេសយេម៉ែន។
អ្នកនាំពាក្យរបស់ពួកសកម្មប្រយុទ្ធហ៊ួទីរបស់យេម៉ែន ដែលមិនខុសពីក្រុមហេសបូឡាហ៍របស់ប្រទេសលីបង់ដែរ មានសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់នោះ បាននិយាយថា ក្រុមនេះបានវាយប្រហារទីក្រុង Tel Aviv ដោយយានដ្រូន ហើយនឹងបន្តកំណត់គោលដៅលើប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា។
ការវាយប្រហារលើទីក្រុង Tel Aviv នេះ ទំនងជាធ្វើឲ្យការភ័យខ្លាចមានកាន់តែខ្លាំងឡើង អំពីការរីករាលដាលបន្ថែមទៀតពីសង្រ្គាម នៅតំបន់ហ្កាហ្សា ខណៈដែលក្រុមហ៊ួទី និងភាគីតំណាងអ៊ីរ៉ង់ផ្សេងទៀតឈរខាងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន៕