
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា តុលាការរុស្ស៊ី នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ បានរកឃើញថា អ្នកសារព័ត៌មានអាមេរិក លោក Evan Gershkovich មានទោសពីបទចារកម្ម ហើយបានផ្តន្ទាទោសរូបលោកឲ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ ក្នុងសំណុំរឿងដែលក្រុមហ៊ុនរបស់លោក គឺសារព័ត៌មាន Wall Street Journal (WSJ) បានហៅថា ជារឿងប្រឌិដ្ឋឡើង។
គួរបញ្ជាក់ថា បុរសជនជាតិអាមេរិកវ័យ ៣២ឆ្នាំ លោក Gershkovich ដែលបានបដិសេធមិនប្រព្រឹត្តអ្វីខុស និងដែលបាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងរូបគេ មិនមែនជារឿងពិត បានឡើងសវនាការ កាលពីខែមុន នៅទីក្រុង Yekaterinburg។
រដ្ឋអាជ្ញាបានចោទប្រកាន់ថា លោក Gershkovich បានប្រមូលព័ត៌មានសម្ងាត់ តាមបញ្ជារបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) របស់សហរដ្ឋអាមេរិក អំពីក្រុមហ៊ុន ដែលផលិតរថក្រោះ សម្រាប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ លោកគឺជាអ្នកសារព័ត៌មានអាមេរិកដំបូងគេហើយ ដែលត្រូវបានចាប់ខ្លួនពីបទចារកម្ម នៅប្រទេសរុស្ស៊ី គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។

ការកាត់ក្ដីអំពីករណីចារកម្ម ជារឿយៗ ត្រូវចំណាយពេលដោះស្រាយពេលច្រើនខែ ហើយការកាត់ក្ដីលើលោក Gershkovich ក្នុងល្បឿនដ៏លឿនមិនធម្មតានេះ ត្រូវបានឡើងដោយបិទទ្វារ។ សវនាការ នៅថ្ងៃសុក្រនេះ ដែលទើបតែជាការជំនុំជម្រះក្ដីលើកទី៣ បានធ្វើឲ្យមានការរំពឹងទុកថា កិច្ចព្រមព្រៀងដោះដូរអ្នកទោសអាមេរិក-រុស្ស៊ី ដែលត្រូវបានពិភាក្សាជាយូរមកហើយ ពាក់ព័ន្ធនឹងអ្នកទោសរូបនេះ និងជនជាតិអាមេរិកផ្សេងទៀត ដែលជាប់ឃុំខ្លួននៅរុស្ស៊ី ទំនងជាអាចកើតឡើងឆាប់ៗ៕