
គណៈកម្មការអឺរ៉ុប នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងផ្តល់ជំនួយដល់អាជ្ញាធរប៉ាឡេស្ទីន (PA) ចំនួន ៤០០លានអឺរ៉ូ (៤៣៥,៥លានដុល្លារ) ជាជំនួយហិរញ្ញវត្ថុបន្ទាន់ ក្នុងរយៈពេល ២ខែខាងមុខនេះ ដោយសារនៅក្នុងរង្វង់ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) មានការព្រួយបារម្ភថា អាជ្ញាធរនេះ អាចដួលរលំ។
គណៈកម្មាការ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកប្រាក់នេះ នឹងត្រូវបានចំណាយ ក្នុងទម្រង់ជាជំនួយ និងប្រាក់កម្ចី ជា ៣ដំណាក់កាល នៅចន្លោះខែកក្កដា និងខែកញ្ញា ដែលអាស្រ័យលើការវិវត្តន៍ ក្នុងការអនុវត្តរបៀបវារៈកំណែទម្រង់របស់ PA។
នៅមុននេះ គណៈកម្មការបានចុះហត្ថលេខាលើលិខិតសម្ដែងបំណងជាមួយ PA ដើម្បីកំណត់យុទ្ធសាស្ត្រដោះស្រាយស្ថានភាពថវិកា និងសារពើពន្ធរបស់ខ្លួន។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់ថា៖ «ដើម្បីជាការចូលរួមជាមួយគ្នា យើងកំពុងដាក់មូលដ្ឋានគ្រឹះ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ នៅក្នុងតំបន់ West Bank»។
គួរបញ្ជាក់ថា ហិរញ្ញវត្ថុរបស់ PA មានភាពច្របូកច្របល់អស់ជាច្រើនឆ្នាំមកហើយ ខណៈដែលបណ្ដារដ្ឋម្ចាស់ជំនួយ បានកាត់បន្ថយការផ្តល់មូលនិធិ ដែលធ្លាប់គ្របដណ្តប់ជិត ១ភាគ៣នៃថវិកាប្រចាំឆ្នាំចំនួន ៦ពាន់លានដុល្លាររបស់ខ្លួន ដោយការកាត់បន្ថយនោះ ទាមទារឲ្យមានកំណែទម្រង់ ដើម្បីដោះស្រាយអំពើពុករលួយ និងសកម្មភាពធ្វើខូចតម្លៃផ្សេងទៀត៕
