
អ្នកវិភាគសន្តិសុខប្រព័ន្ធអ៊ីនធឺណិតជនជាតិអ៊ីតាលី នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ បាននិយាយថា ការឈប់ដំណើរការនៃប្រព័ន្ធបច្ចេកវិទ្យាជាសកល ដែលរំខានដល់ប្រតិបត្តិការក្នុងវិស័យផ្សេងៗ ក្នុងនោះរួមទាំងព្រលានយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និងធនាគារ មិនមែនបណ្តាលមកពីក្រុមហ៊ុន Microsoft នោះទេ។
លោក Stefano Zanero ដែលជាអ្នកវិភាគសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត និងជាសាស្ត្រាចារ្យ នៅនាយកដ្ឋានវិស្វកម្មកុំព្យូទ័រ Politecnico ក្នុងទីក្រុង Milan បានប្រាប់សារព័ត៌មាន Reuters ថា ការដាច់នេះ គឺបណ្តាលមកពីការអាប់ដេតសូហ្វវែររបស់ក្រុមហ៊ុនបច្ចេកវិទ្យាសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិតអាមេរិក គឺក្រុមហ៊ុន CrowdStrike ដែលកម្មវិធីនោះត្រូវបានបញ្ចេញប្រហែលម៉ោង ៥:៣០នាទី ម៉ោងសកល។
លោកបានបន្តថា កុំព្យូទ័រណាដែលមិនបានឈប់ដំណើរការសូហ្វវែរ នៅពេលយប់ ឬព្រឹកព្រលឹមនោះទេ ប្រហែលជាមិនមានការប៉ះពាល់ នាពេលក្រោយ នៅថ្ងៃនោះទេ។

គួរបញ្ជាក់ថា ឧស្សាហកម្មធ្វើដំណើរ ស្ថិតក្នុងចំណោមវិស័យប៉ះពាល់ខ្លាំងជាងគេបំផុត ដោយព្រលានយន្តហោះ នៅជុំវិញពិភពលោក រាយការណ៍ពីការមានបញ្ហាប្រព័ន្ធ និងការពន្យារពេលរបស់ពួកគេ។ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត រាប់ចាប់ពីប្រទេសអូស្ត្រាលី រហូតដល់ឥណ្ឌា និងអាហ្វ្រិកខាងត្បូង បានប្រកាសប្រាប់អតិថិជន អំពីការរំខានដល់សេវាកម្មរបស់ពួកគេ។
យោងតាមការជូនដំណឹង ដែលផ្ញើដោយក្រុមហ៊ុនសន្តិសុខប្រព័ន្ធអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក CrowdStrike ទៅកាន់អតិថិជនរបស់ខ្លួន នៅវេលាម៉ោង ៥:៣០នាទី ម៉ោងសកល នៅថ្ងៃសុក្រនេះ និងដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានឲ្យដឹងថា កម្មវិធីចាប់សញ្ញា «Falcon Sensor» ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន បានធ្វើឲ្យកម្មវិធី Microsoft Windows គាំង និងបង្ហាញអេក្រង់ពណ៌ខៀវ៕