
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសប៉ូឡូញបានធ្វើការសម្រេចចិត្តមួយ ដែលនឹងជួយបង្កើនល្បឿននៃការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបាននិយាយថា តើការសម្រេចនោះជាអ្វីឡើយ។
ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន និងជាសម្ព័ន្ធមិត្តជិតស្និទ ក្នុងអំលុងពេលមានសង្រ្គាមនេះ មិនមែនជាប្រទេសតែមួយ ក្នុងចំណោមបណ្ដាប្រទេសដែលបានសន្យាផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែននោះទេ។ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ ពីការិយាល័យនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ជុំវិញការលើកឡើងរបស់លោក Zelenskiy នេះ។

នៅលើបណ្ដាញសង្គម X ដោយមិនបានបញ្ជាក់អ្វីលម្អិត លោក Zelenskiy បានប្រាប់ថា៖ «ថ្ងៃនេះ យើងបានឃើញនូវការសម្រេចចិត្តជាវិជ្ជមានពីរដ្ឋាភិបាលប៉ូឡូញ ជុំវិញបញ្ហាជាក់លាក់មួយ ដែលនឹងអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបានយន្តហោះចម្បាំង F-16 ឆាប់ៗនេះ»។
គួរបញ្ជាក់ថា ទីក្រុងគីវ កំពុងរង់ចាំយ៉ាងអន្ទះសារនូវការបញ្ជូនយន្តហោះចម្បាំង F-16 ដំបូងរបស់ខ្លួន ដោយសង្ឃឹមថា នឹងជួយពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន និងជួយទប់ទល់ការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា យន្តហោះដំបូងគេពីប្រទេសដាណឺម៉ាក និងហូឡង់ បានធ្វើដំណើរទៅកាន់អ៊ុយក្រែនរួចហើយ៕