នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសមជាមួយ Mr. Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) និងសហការី នៅស្នាក់ការកណ្តាលធនាគារ ABA ។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម អនុប្រធាន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអរគុណពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ចំពោះគណៈគ្រប់គ្រងធនាគារ ABA ។ បន្ថែមពីនោះ ឯកឧត្តម បានសង្ងត់ថា លោកទាំងពីរ តែងតែស្វែងរកកិច្ចសហការពីបណ្តាក្រសួង ស្ថាប័ន អង្គការ សមាគម ធនាគារ ក្រុមហ៊ុននានា ដើម្បីទទួលបានឱកាសអាហារូបករណ៍ និងការងារបន្ថែមសម្រាប់សិស្ស-និស្សិតកម្ពុជា ។

ឆ្លើយតបទៅនឹងការណ៍នេះ, សម្រាប់ឆ្នាំ២០២៤ គឺជាលើកទី៣ ដែលធនាគារ ABA បានចូលរួមជាមួយសមាគម អ.ម.ត តាមរយៈការឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ក្នុង ១ ឆ្នាំ សម្រាប់រយៈពេល ៤ឆ្នាំ ដែលនេះបានបង្ហាញពីឆន្ទៈចូលរួមជាមួយសមាគម អ.ម.ត ក្នុងការពង្រឹង និងកសាងសមត្ថភាពសិស្ស-និស្សិត ឱ្យទទួលបានជំនាញមួយយ៉ាងច្បាស់លាស់ សំដៅរួមចំណែកដល់ការកសាងមូលធនមនុស្សនៅកម្ពុជា ៕




