សេវាកម្មនានាពីក្រុមហ៊ុនអាកាសចរណ៍ រហូតដល់សេវាថែទាំសុខភាព ការដឹកជញ្ជូន និងហិរញ្ញវត្ថុ បានវិលត្រលប់មកបណ្តាញអនឡាញវិញ បន្ទាប់ពីមានកំហុសមួយក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធី software សុវត្ថិភាព ដែលបានបង្កឱ្យមានការដាច់ប្រព័ន្ធកុំព្យូទ័រនៅទូទាំងពិភពលោក រយៈពេលជាច្រើនម៉ោង ជាឧបទ្ទវហេតុមួយផ្សេងទៀត ដែលបង្ហាញពីភាពងាយរងគ្រោះនៃបច្ចេកវិទ្យាអន្តរទំនាក់ទំនងរបស់ពិភពលោក។
បន្ទាប់ពីការដាច់ចរន្តត្រូវបានដោះស្រាយ ក្រុមហ៊ុននានា កំពុងដោះស្រាយជាមួយភាពយឺតយ៉ាវ និង ជើងហោះហើរដែលបានពន្យាពេល និងលុបចោល ការណាត់ជួបផ្នែកវេជ្ជសាស្ត្រ ការបញ្ជាទិញដែលខកខាន និងបញ្ហាផ្សេងៗទៀតជាច្រើន ដែលអាចត្រូវចំណាយពេលច្រើនថ្ងៃដើម្បីដោះស្រាយ។ អាជីវកម្មនានា ក៏ប្រឈមមុខទៅនឹងសំណួរអំពីរបៀបដើម្បីបញ្ចៀសការដាច់ចរន្តនាពេលអនាគត ដែលបង្កឡើងដោយបច្ចេកវិទ្យា សំដៅលើការការពារប្រព័ន្ធរបស់ពួកគេ។
ការធ្វើបច្ចុប្បន្នភាពកម្មវិធី software ដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតសកល CrowdStrike ជាប្រតិបត្តិករធំបំផុតមួយក្នុងឧស្សាហកម្ម បង្កបញ្ហាដល់ប្រព័ន្ធដែលបានផ្អាកជើងហោះហើរ ធ្វើឱ្យអតិថិជនពុំអាចចូលប្រើប្រាស់សេវាកម្មនានាដូចជា ជាសេវាថែទាំសុខភាព ឬធនាគារជាដើម។ ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតសកល CrowdStrike ជាក្រុមហ៊ុន ដែលមានតម្លៃ ៨៣ពាន់លានដុល្លារ មានអតិថិជនជាង ២០.០០០ក្រុមហ៊ុន នៅជុំវិញពិភពលោករួមមានទាំងក្រុមហ៊ុន Amazon.com និងក្រុមហ៊ុន Microsoft (MSFT.O)។ នាយកប្រតិបត្តិក្រុមហ៊ុន CrowdStrike លោកចច ឃឺត( George Kurtz) បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា កំហុសមួយត្រូវបានរកឃើញ នៅក្នុងពេលធ្វើបច្ចុប្បន្នភាពមាតិកាសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដែលធ្វើឲ្យប៉ះពាល់ដល់អតិថិជនក្រុមហ៊ុន Microsoft ។
ការដាច់ចរន្ត បានលើកឡើងពីការព្រួយបារម្ភថា ស្ថាប័នជាច្រើនមិនបានរៀបចំបានល្អក្នុងការអនុវត្តផែនការបន្ទាន់ នៅពេលមានចំណុចនៃការបរាជ័យដូចជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន(IT) ឬផ្នែកនៃកម្មវិធី software ដែលជួបបញ្ហា។ ប៉ុន្តែអ្នកជំនាញនិយាយថា ការដាច់ចរន្តនេះ នឹងកើតឡើងម្តងទៀត រហូតទាល់តែភាពចាំបាច់កាន់តែច្រើនត្រូវបានបង្កើតឡើងនៅក្នុងបណ្តាញ ហើយស្ថាប័ននានា មានការប្រុងប្រៀបដែលប្រសើរជាងមុន។