ការដាច់បណ្តាញអ៊ីនធឺណិតជាសកល បានបណ្តាលឱ្យមានជួររថយន្តដ៏វែងនៅក្នុងទីក្រុង Ciudad Juarez ព្រំដែនប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ ខណៈមនុស្សជាច្រើន មានបំណងឆ្លងចូលទៅក្នុងសហរដ្ឋអាមេរិក។
ស្លាកសញ្ញា ដែលនាំទៅដល់ស្ពានអន្តរជាតិ បានព្រមានអ្នកបើកបរថា ការរង់ចាំយូរគឺបណ្តាលមកពីការដាច់ប្រព័ន្ធការពារព្រំដែន និងគយរបស់សហរដ្ឋអាមេរិក(CBP)។
ការធ្វើបច្ចុប្បន្នភាពកម្មវិធី software ដោយក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតសកល CrowdStrike ជាប្រតិបត្តិករធំបំផុតមួយនៅក្នុងឧស្សាហកម្មនេះ បានបង្កឲ្យមានបញ្ហាប្រព័ន្ធ ដែលបានផ្អាកជើងហោះហើរ និងធ្វើឱ្យអតិថិជន ពុំអាចចូលប្រើប្រាស់សេវាកម្មនានា ដូចជាការថែទាំសុខភាព ឬធនាគារបាន។
ប្រជាជនក្នុងតំបន់ដែលធ្វើដំណើរថ្មើជើង ឬបើកបរជារៀងរាល់ថ្ងៃ ឆ្លងកាត់ព្រំដែនពីប្រទេសម៉ិកស៊ិក ចូលទៅកាន់សហរដ្ឋអាមេរិក ដើម្បីសិក្សាឬធ្វើការ បានរងផលប៉ះពាល់ខ្លាំងដោយការដាច់ប្រព័ន្ធនេះ។
ប្រជាជនក្នុងតំបន់ បាននិយាយថា ជាធម្មតា ពួកគេត្រូវចំណាយពេលពី១០ទៅ១៥នាទីប៉ុណ្ណោះ ដើម្បីទៅដល់សហរដ្ឋអាមេរិក ប៉ុន្តែថ្ងៃនេះ វាអាចមានរយៈពេលពីរម៉ោង ឬច្រើនជាងនេះ។