ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua នៅថ្ងៃសៅរ៍ (ទី២០ ខែកក្កដា) នេះ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១១នាក់បានបាត់បង់ជីវិត នៅពេលដែលស្ពានមួយនៅភាគខាងជើងប្រទេសចិន បានបាក់ ក្នុងពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា។
ដោយដកស្រង់សម្តីរបស់នាយកដ្ឋានទំនាក់ទំនងសាធារណៈខេត្ត Shaanxi ទីភ្នាក់ងារ Xinhua បានឲ្យដឹងថា ស្ពានមួយនៅក្នុងខេត្តនេះ បានរលំបាក់ នៅម៉ោងប្រហែល ៨:៤០យប់ថ្ងៃសុក្រ (ទី១៩ ខែកក្កដា) «ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ»។
យោងតាម Xinhua ដដែល បានឲ្យដឹងទៀតថា ប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការនៅព្រឹកថ្ងៃសៅរ៍នេះ ដោយមកទល់ពេលនេះ រថយន្តចំនួន ៥គ្រឿង ត្រូវបានទាញយកចេញពីទឹក។ ហើយបើតាមរូបភាពនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ CCTV បានបង្ហាញឲ្យឃើញផ្នែករបស់ស្ពានលិចក្នុងទឹកទន្លេ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា ផ្នែកដ៏ធំនៃភាគខាងជើង និងភាគកណ្តាលរបស់ប្រទេសចិន ត្រូវបានរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្តាលឲ្យមានទឹកជំនន់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
កាលពីថ្ងៃទី១៩ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៥នាក់ ស្លាប់ និង ៨នាក់ទៀត បាត់ខ្លួន បន្ទាប់ពីទឹកភ្លៀងបានបង្កជាទឹកជំនន់ និងបំណាក់ដី នៅក្នុងទីក្រុង Baoji របស់ Shaanxi៕