យោងតាមទិន្នន័យដែលទទួលបានបានឲ្យដឹងថា វិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ ពោលគឺក្នុងឆមាសទី១ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក។

៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន រួមមាន ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, ប្រទេសរៀតណាម រួមមាន ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់ និងប្រទេសថៃ រួមមាន ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។

សូមជម្រាបជូនដែរថា កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី គឺមានដូចជា ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
ចំពោះគ្រាប់ស្វាយចន្ទីឆៅ ការនាំចេញមានទំហំជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញកសិផលសរុបរបស់កម្ពុជា ។

សូមបញ្ជាក់ផងដែរថា ចំពោះទំហំទឹកប្រាក់ពីការនាំចេញកសិផលនានារួមមាន៖ ១. កសិផលស្រូវ៖ ជាង ៤០០លានដុល្លារ, ២.កសិផលអង្ករ ជាង ២០០លានដុល្លារ, ៣.កសិផលក្រៅពីស្រូវ-អង្ករ ជាង ១៨០០ពាន់លានដុល្លារ និងប្រភេទដំឡូងមីមានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក៕



