គិតមកដល់ថ្ងៃនេះមានរយៈពេល៨ថ្ងៃហើយ ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅតែបន្ត។
ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបាត់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រភ្លាមៗ បានចេញប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រតិបត្តិការរុករកនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស និងមានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥, ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស, ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២, ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣, ឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១។

បញ្ជាការដ្ឋានទ័ពអាកាស បន្តដឹកនាំកម្លាំងជាង១០០០នាក់ រុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ ក្នុងភូមិសាស្រ្តស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។

សូមបញ្ជាក់ថា កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការ បន្តព្យាយាមរុករកនៅតំបន់សង្ស័យមួយចំនួន ដោយសង្ឃឹមថានឹងរកឃើញ ឧទ្ធម្ភាគចក្រ រួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុសិក្កិសិទ្ធនៅតំបន់នេះជួយឃុំគ្រង តាមបីបាច់ថែរក្សាមនុស្ស ក្នុងឧទ្ធម្ភាគចក្រ ឲ្យនៅមានជីវិត ដើម្បីជួបជុំជាមួយគ្រួសារពួកគាត់វិញ៕





