រដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan កាលពីថ្ងៃសុក្រ (ទី១៩ ខែកក្កដា) បាននិយាយថា កិច្ចព្រមព្រៀង ដើម្បីដោះលែងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សាស្ទ្រីប និងបង្កើតបទឈប់បាញ់ បានជិតកើតមានឡើង ខណៈដែលមន្ត្រីរដ្ឋបាល បានរៀបចំត្រៀមសម្រាប់អ្វីដែលពួកគេរំពឹងថា នឹងមានដំណើរទស្សនកិច្ចដ៏តានតឹងមួយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ។
នៅឯវេទិកាសន្តិសុខ Aspen (Aspen Security Forum) ក្នុងរដ្ឋ Colorado លោក Blinken បាននិយាយថា កិច្ចពិភាក្សានេះ គឺ «ស្ថិតនៅក្នុងរង្វង់កាន់តែកៀកនឹងការឈានដល់កិច្ចព្រមព្រៀង»។
តែប៉ុន្មានម៉ោងក្រោយមក នៅក្នុងសន្និសីទដដែលនោះ លោក Sullivan បាននិយាយថា គ្មានការរំពឹងទុកថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានឈានដល់ នៅមុនពេលលោក Netanyahu ថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមរបស់សភា នាថ្ងៃទី១៧ ខែកក្កដានោះទេ។
លោក Sullivan បាននិយាយថា ប្រធានាធិបតី លោក Joe Biden នឹង «ផ្តោតលើឥទ្ធិពលរបស់លោក» នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយលោក Netanyahu «ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងនេះសម្រេចបាន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
យ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់ទាំង ២រូប ដែលស្ថិតក្នុងចំណោមទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតរបស់លោក Biden នោះ មិនបាននិយាយអ្វីឡើយអំពីវិធីដែលលោក Biden នឹងដោះស្រាយវិបត្តិដែលក្ដោបលើកិច្ចប្រឹងប្រែងស្វែងរកការជាប់ឆ្នោតឡើងវិញ ជាមួយនឹងការដោះស្រាយនូវទំនាក់ទំនងដ៏តានតឹងជាមួយលោក Netanyahu៕