ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រាប់ទៅក្រសួងអប់រំ យុវជន និងកីឡាធ្វើការពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីធ្វើការពិចារណាក្នុងការបើកសាលារៀនមួយចំនួនឡើងវិញ ជាពិសេសសាលារៀននៅតាមជនបទ ឬជាទីកន្លែងដែលពុំមានការណីឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
តាមរយៈសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបញ្ជាក់ថា ការបិទសាលារៀននៅទូទាំងប្រទេសគឺវាបានអូសបន្លាយអស់រយៈពេលជាយូរណាស់មកហើយ ហើយការបិទនេះ ក៏វាអាចនឹងធ្វើឲ្យសិស្សានុសិស្សខ្លះមានការខ្ចិលបោះបង់សាលារៀន និងធុញទ្រានចំពោះការសិក្សានេះផងដែរ។ ដូច្នេះក្រសួងអប់រំគប្បីធ្វើការពិភាក្សាជាមួយអាជ្ញាធររាជធានី-ខេត្តធ្វើការបើកសាលារៀនមួយចំនួនឡើងវិញ ប៉ុន្តែការបើកនេះ គឺក៏ត្រូវធ្វើការរក្សាគម្លាត និងអនុវត្តវិធានការឲ្យបានខ្ជាប់ខ្ជួនរបស់ក្រសួងសុខាភិបាលដែលបានណែនាំនាពេលកន្លងទៅ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ខណៈប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកក៏ពិតមែន ប៉ុន្តែបើប្រទេសមានការបិទសាលារៀនបន្តទៀត ដោយពុំបានធ្វើការវែកញែកឲ្យច្បាស់លាស់ត្រង់កន្លែងមានការឆ្លង និងកន្លែងមិនមានការឆ្លងនោះ វានឹងធ្វើឲ្យសិស្សមានការបោះបង់ចោលសាលារៀន បើទោះបីជាយើងបានបង្កើតការរៀនពីចម្ងាយក្តី ក៏ប៉ុន្តែសិស្សានុសិស្សដែលនៅទីតាមជនបទពួកគាត់មានការប្រឈមនឹងអ៊ិនធើណែត ឬ សិស្សខ្លះពុំមានលទ្ធភាពរៀនជាដើម។
ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីឲ្យមានការបើកសាលារៀនមួយចំនួនឡើងវិញនេះ គឺដោយសារតែប្រទេសកម្ពុជាយើងបានធ្វើការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ បានជាងមួយលានបួនសែននាក់ និងមនុស្សចាប់ពី១៨ឆ្នាំឡើងទៅបានជិត១០លាននាក់ហើយផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការបើកនូវសាលាឡើងវិញនេះ គឺនឹងមិនទូលំទូលាយនោះឡើយពោលគឺបើកត្រងកន្លែងជនបទ និងកន្លែងដែលពុំមានការផ្ទុះនូវជំងឺកូវីដ១៩នេះតែប៉ុណ្ណោះ៕
អត្ថបទ បាន ចក់
