ទាហានបង់ក្លាដែស បានដើរល្បាតតាមដងផ្លូវដែលស្ងាត់ជ្រងំ ក្នុងទីក្រុង Dhaka នាថ្ងៃសៅរ៍ (ទី២០ ខែកក្កដា) នេះ ក្នុងពេលមានការដាក់ចេញនូវបម្រាមគោចរ ដើម្បីទប់ស្កាត់ការតវ៉ាដ៏អាក្រក់ដឹកនាំដោយនិស្សិត ប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល ដែលបាតុកម្មនេះបានបណ្ដាលឲ្យមនុស្សជាង ១០០នាក់ ស្លាប់ ក្នុងសប្តាហ៍នេះ។
ការផ្អាកសេវាអ៊ីនធឺណេត និងសារជាអក្សរ នៅតែមានដដែល ចាប់តាំងពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) ដោយបានកាត់ផ្តាច់បង់ក្លាដែសចេញពីពិភពលោក ខណៈដែលនគរបាលបានបង្ក្រាបការតវ៉ា ដែលបន្តមាន ទោះបីជាការហាមឃាត់ការជួបជុំជាសាធារណៈ ត្រូវបានដាក់ចេញក៏ដោយ។
យោងតាមទិន្នន័យពីមន្ទីរពេទ្យ នៅទូទាំងប្រទេសបង់ក្លាដែស បានឲ្យដឹងថា ការប៉ះទង្គិចគ្នាដោយហិង្សា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១០៥នាក់ បាត់បង់ជីវិត និងរាប់ពាន់នាក់ រងរបួស ក្នុងសប្តាហ៍នេះ។ មន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅទីក្រុង Dhaka ទទួលបានសពចំនួន ២៧នាក់ កាលពីថ្ងៃសុក្រ (ទី១៩ ខែកក្កដា) ចន្លោះម៉ោង ៥ល្ងាច ដល់ម៉ោង ៧យប់ ម៉ោងក្នុងស្រុក។
គួរបញ្ជាក់ថា ភាពចលាចលទូទាំងប្រទេស ដំបូងឡើយ បានផ្ទុះឡើង ដោយការមានកំហឹងរបស់និស្សិត ជុំវិញកូតាថ្មី សម្រាប់ការងាររដ្ឋាភិបាល ក្នុងនោះរួមទាំងកូតា ៣០ភាគរយ សម្រាប់គ្រួសាររបស់អ្នក ដែលបានតស៊ូទាមទារឯករាជ្យពីប៉ាគីស្ថានផងដែរ។
ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគប់គ្រាប់បែកដៃមិនបង្កគ្រោះថ្នាក់ ដើម្បីបំបែកក្រុមបាតុករ អំឡុងពេលមានចលាចលទូទាំងប្រទេស ខណៈដែលក្រុមបាតុករបានប៉ះទង្គិចជាមួយបុគ្គលិកសន្តិសុខ ដោយគប់ដុំឥដ្ឋ និងដុតរថយន្ត។ ដោយចំនួនអ្នកស្លាប់កើនឡើង ហើយនគរបាលមិនអាចទប់ស្កាត់ការតវ៉ាដោយហិង្សានោះបាន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina កាលពីថ្ងៃសុក្រ បានដាក់បម្រាមគោចរថ្នាក់ជាតិ និងដាក់ពង្រាយកម្លាំងយោធា។
ស្ថានីយទូរទស្សន៍ បានរាយការណ៍ថា បម្រាមគោចរនឹងបន្ធូរបន្ថយរយៈពេល ២ម៉ោង ចាប់ពីម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃសៅរ៍នេះ ដើម្បីអនុញ្ញាតឲ្យប្រជាជនទិញទំនិញ និងបំពេញការងារផ្សេងៗទៀត។ សេចក្ដីរាយការណ៍បានបន្ថែមថា បម្រាមគោចរនឹងអូសបន្លាយរហូតដល់ម៉ោង ១០ព្រឹកថ្ងៃអាទិត្យ ដែលនៅពេលនោះ រដ្ឋាភិបាល នឹងវាយតម្លៃស្ថានភាព ហើយសម្រេចពីការមានវិធានការបន្ទាប់៕