រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា លោកស្រី Melanie Joly កាលពីថ្ងៃសុក្រ (ទី១៩ ខែកក្កដា) ដោយបានអំពាវនាវឲ្យភាគីទាំង២ វិលត្រឡប់ទៅរកគោលបំណងដើមរបស់ខ្លួនវិញ ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងលើកកម្ពស់ការធ្វើប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។
ក្នុងជំនួបនោះ លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-កាណាដា បានជួបប្រទះនឹងការលំបាក និងប្រែប្រួល ជាស្ថានភាពដែលចិនមិនចង់ឃើញ ហើយវាទាមទារឲ្យមានការឆ្លុះបញ្ចាំងប្រាកដប្រជាពីភាគីកាណាដា។
ជាមួយគ្នានេះ លោក Wang បានប្រាប់បន្តទៀតថា មិនមានជម្លោះផលប្រយោជន៍ជាមូលដ្ឋាន រវាងចិន និងកាណាដានោះឡយ ហើយប្រជាជននៅក្នុងប្រទេសទាំង២ បានអនុវត្តការផ្លាស់ប្តូរមិត្តភាពជាយូរអង្វែងណាស់មកហើយ ខណៈដែលទំនាក់ទំនងចិន-កាណាដា បានស្ថិតនៅជួរមុខជាយូរមកហើយ ក្នុងចំណោមចំណងទាក់ទងរបស់ចិនជាមួយបណ្តាប្រទេសលោកខាងលិច។
លោករដ្ឋមន្ត្រីការរូបនេះ បានបញ្ជាក់ថា៖ «ការបន្តរក្សា និងធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី គឺជាផលប្រយោជន៍ជាមូលដ្ឋាន និងប្រជាជនរបស់ប្រទេសទាង២។ គ្មានហេតុផលណាមកធ្វើឲ្យខូចដល់ទំនាក់ទំនងទ្វេភាគីនោះទេ។ យើងគួរតែមើលគ្នាទៅវិញទៅមកដោយគោលបំណង និងការយល់ដឹងសមហេតុផល គោរពគ្នាទៅវិញទៅមក ដោះស្រាយការខ្វែងគំនិតគ្នា ក្នុងស្មារតីស្វែងរកមូលដ្ឋានរួម ខណៈដែលទុកមួយឡែកនូវការយល់ឃើញខុសគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយនិងទទួលខុសត្រូវ ចំពោះប្រវត្តិសាស្រ្ត និងប្រជាជន ទាំងពេលបច្ចុប្បន្ន និងអនាគត»។
សម្រាប់លោកស្រី Joly លោកស្រីបាននិយាយថា ប្រទេសកាណាដាមានឆន្ទៈក្នុងការលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចិនយ៉ាងប្រាកដនិយម និងប្រកបដោយប្រសិទ្ធភាព ហើយនិងបន្តរក្សាការទាក់ទង និងការសន្ទនាគ្នា៕