ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសៅរ៍ (ទី២០ ខែកក្កដា) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជំរុញឲ្យមានកិច្ចប្រឹងប្រែងជួយសង្គ្រោះគ្រប់យ៉ាង បន្ទាប់ពីការបាក់ស្ពាន នៅផ្លូវហាយវេមួយ កាលពីថ្ងៃសុក្រ (ទី១៩ ខែកក្កដា) នៅក្នុងខេត្ត Shaanxi ភាគពាយព្យរបស់ប្រទេសចិនបានបណ្ដាលមនុស្ស ១១នាក់ ស្លាប់ និងជាច្រើននាក់ទៀត បាត់ខ្លួន។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០នាទីយប់ ម៉ោងក្រុងស្រុក (ត្រូវនឹងម៉ោង ១២:៤០ ម៉ោងសកល) នៅក្នុងទីក្រុង Shangluo កាលពីថ្ងៃសុក្រ នៅពេលដែលស្ពានផ្លូវហាយវេមួយ បានបាក់ ដោយសារតែមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដែលបណ្តាលឲ្យរថយន្តមួយចំនួនធ្លាក់ចូលទៅក្នុងទន្លេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា គិតត្រឹមម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃសៅរ៍នេះ រថយន្តចំនួន ៥គ្រឿង ត្រូវបានបញ្ជាក់ថា បានធ្លាក់ចូលទៅក្នុងទឹក ហើយមនុស្ស ៣០នាក់ ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ លោក ស៊ី បាននិយាយថា ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ក្នុងការគ្រប់គ្រងទឹកជំនន់ ហើយរដ្ឋាភិបាលក្នុងតំបន់ ត្រូវតែទទួលខុសត្រូវ ដើម្បីបង្កើនការត្រួតពិនិត្យ និងការព្រមានជាមុន។
ក្រោយហេតុការណ៍នោះកើតឡើង អាជ្ញាធរពន្លត់អគ្គិភ័យ និងផ្ដល់ជំនួយសង្គ្រោះជាតិរបស់ប្រទេសចិនបាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុ ដែលរួមមានមនុស្ស ៨៥៩នាក់ រថយន្ត ៩០គ្រឿង ទូក ២០គ្រឿង និងយានដ្រូន ៤១គ្រឿង៕