
កូរ៉េខាងជើងបានបន្តបង្ហោះបាឡុង ផ្ទុកដោយសំរាមចូលទៅកាន់កូរ៉េខាងត្បូង ជាការឆ្លើយតបចំពោះកូរ៉េខាងត្បូង ដែលចាប់ផ្តើមការផ្សព្វផ្សាយឡើងវិញ ដោយប្រើឧបករណ៍បំពងសម្លេង។
កូរ៉េទាំងពីរបានចូលរួមក្នុងយុទ្ធនាការបង្ហោះបាឡុងសងសឹកគ្នាទៅវិញទៅមក ដោយកូរ៉េខាងជើងបានបញ្ជូនបាឡុងផ្ទុកសំរាមជិត២.០០០គ្រឿង ចូលទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីខែឧសភា ដោយនិយាយថានេះ ជាការសងសឹកចំពោះការបង្ហោះបាឡុងដោយក្រុមសកម្មជនកូរ៉េខាងត្បូងរិះគន់មេដឹកនាំកូរ៉េខាងជើងលោកKim Jong-Un ។
ក្រុមនាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យទី២១កក្កដាថា កូរ៉េខាងជើងកំពុងបង្ហោះបាឡុងផ្ទុកសំរាមមួយវគ្គផ្សេងទៀតហើយ ដោយកត់សម្គាល់ថាបាឡុងទាំងនោះ កំពុងរសាត់អណ្ដែតឆ្ពោះទៅភាគខាងជើងនៃខេត្ត ក្យុងគី (Gyeonggi)របស់កូរ៉េខាងត្បូង។

សេចក្ដីថ្លែងការណ៍នោះនិយាយថា សូមរាយការណ៍ ទៅយោធា ឬនគរបាល ហើយចៀសវាងការប៉ះពាល់ផ្ទាល់នៃវត្ថុក្នុងបាឡុងទាំងនោះ។
ឈុតចុងក្រោយបំផុតនៃការបង្ហោះបាឡុងនេះ បានកើតឡើងបីថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានប្រកាសថាខ្លួនបានបន្តការផ្សាយការឃោសនាដោយប្រើឧបករណ៍បំពងសម្លេង ដែលតម្រង់ទៅកាន់ប្រទេសកូរ៉េខាងជើង៕