
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដ៏គំហុក នៅភាគខាងជើង និងភាគនិរតីនៃប្រទេសចិនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរមួយសប្តាហ៍នៅទូទាំងប្រទេស។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ិនហួ (Xinhua) បានរាយការណ៍ថា រថយន្តជាច្រើនគ្រឿងនៅក្នុងខេត្ត សានស៊ី (Shaanxi) ភាគពាយ័ព្យ បានធ្លាក់ចូលក្នុងទឹកទន្លេដែលកំពុងហក់ឡើងខ្ពស់និងទឹកហួរកួចខ្លាំង កាលពីល្ងាចថ្ងៃសុក្រចុងសប្ដាហ៍នេះ បន្ទាប់ពីស្ពានមួយបានបាក់ ដោយមនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់ និងជាង៣០ នាក់បាត់ខ្លួន។

សារព័ត៌មាន ស៊ីនហួ បាននិយាយថា ការស៊ើបអង្កេតបឋម បានបង្ហាញថា រថយន្តចំនួន ១៧គ្រឿង និងរថយន្តដឹកទំនិញចំនួន ៨គ្រឿង បានធ្លាក់ចូលទៅក្នុងទន្លេក្នុងទីក្រុង សាងលូ (Shangluo) ។
សារព័ត៌ខាងលើនេះ បាននិយាយថា លោកប្រធានាធិបតីចិនលោក Xi Jinping បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអស់ពីសមត្ថភាព ដើម្បីស្វែងរកអ្នកដែលនៅតែបាត់ខ្លួន៕