
យោធាអ៊ីស្រាអែលបាននិយាយនៅចុងសប្ដាហ៍នេះថា ខ្លួនបានវាយប្រហារគោលដៅនានានៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមចលនាហ៊ួទីរបស់ប្រទេសយេម៉ែន នៅជិតទីក្រុងកំពង់ផែ ហូដេដា (Hodeidah) បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ជាច្រើនខែពី សំណាក់ក្រុមហ៊ួទី លើគោលដៅរបស់អ៊ីស្រាអែល។ ទាំងនោះរួមមានការវាយប្រហារដោយយានដ្រូននៅក្រុង តេល អាវីវ(Tel Aviv) កាលពីថ្ងៃសុក្រ ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលម្នាក់ និង១០នាក់ផ្សេងទៀតរងរបួស។
ទូរទស្សន៍អាល់ម៉ាស៊ីរ៉ា(Al-Masirah TV)បានរាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយសំអាងប្រភពពីក្រសួងសុខាភិបាលយេម៉ែន ថា មនុស្ស៣នាក់ស្លាប់ និង៨៧នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្នុងទីក្រុងកំពង់ផែហូដេដា(Hodeidah) ។
ក្នុងការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ទីតាំងដែលទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំងរបស់ខ្លួននៅក្នុងប្រទេសយេម៉ែនគឺជាគោលដៅយោធា។

អ្នកនាំពាក្យរបស់ក្រុម ហ៊ួទី បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារលើមូលដ្ឋានស៊ីវិល ស៊ីទែនប្រេង និងស្ថានីយ៍ថាមពលអគ្គិសនីក្នុងទីក្រុង ហូដេដា (Hodeidah)ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីដាក់សម្ពាធដល់ក្រុមនេះឱ្យបញ្ចប់ការគាំទ្ររបស់ខ្លួនលើតំបន់ហ្កាហ្សា។
លោកបាននិយាយថាការសងសឹករបស់អ៊ីស្រាអែល នឹងក្លាយការជំរុញការប្តេជ្ញាចិត្តរបស់ប្រជាជនយេម៉ែន ដែលនឹងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីន នូវអ្វីដែលលោកហៅថា បុព្វហេតុដ៏យុត្តិធម៌បំផុតនៅលើផែនដី ៕