ពោធិ៍សាត់ ៖ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកស្ទឹងពោធិ៍សាត ក្នុងក្រុងពោធិ៍សាត់ នៅតែរក្សាកម្ពស់កៀកទៅហ្នឹងកំរិតប្រកាសអាសន្ន គឺ៤.៨២ម៉ែត្រ ដោយកម្ពស់ត្រូវប្រកាសអាសន្នគឺ៥ម៉ែត្រ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់។
ចំណែកទឹកស្ទឹងក្រវាញក្នុងស្រុកភ្នំក្រវាញមានកម្ពស់២.៧៩ម៉ែត្រ ដោយកម្ពស់ត្រូវប្រុងប្រយ័ត្នគឺ៦ម៉ែត្រ ហើយទឹកស្ទឹងវាលវែងក្នុងស្រុកវាលវែង មានកម្ពស់២.១០ម៉ែត្រ ដោយកម្ពស់ត្រូវប្រុងប្រយ័ត្នគឺ៩ម៉ែត្រ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ដែលជាផ្នែកខាងក្រោម ស្រុកចុះ ឬបន្តកើនឡើងបន្ថែមទៀត គឺអាស្រ័យលើ ការធ្លាក់ភ្លៀង នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញដែលជាផ្នែកខាងលើ ។
បើតាមសេចក្តីជូនដំណឹងរបស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ស្ថានភាពអាកាសធាតុខេត្តពោធិ៍សាត់ ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយកូនព្យុះភិរុណលើកទី៤ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ដោយស្ថានភាពបែបនេះ នឹងធ្វើឱ្យ សីតុណ្ហភាពពី ២៥°C ដល់ ៣៣°C ខ្យល់បក់ពីទិសនិរតីមានល្បឿន ពី១ ដល់៤ ម៉ែត្រ ក្នុងមួយវិនាទី ដោយបង្កឱ្យមានភ្លៀងផ្គររន្ទះកម្រិតតិចក្នុងបរិមាណជាមធ្បម។
ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យមន្ទីរជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរមូលដ្ឋានដែលនៅតាមជាប់មាត់ស្ទឹងត្រូវមានប្រុងប្រយ័ត្នខ្ពស់ តាមដានស្ថានភាពទឹកជាប់ជានិច្ច ត្រៀមសម្ភារៈ និងខ្សាច់ ទប់ទីតាំងណាដែលមានច្រាំងស្ទឹងទាប ហើយរដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមកម្លាំងរួចជាស្រេចសម្រាប់ជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់ដោយ យថាហេតុ ៕
អត្ថបទ ៖ ភិរុណ ពៅ








