
នគរបាលបានដាក់បម្រាមគោចរយ៉ាងតឹងរ៉ឹង ដោយបញ្ជាឲ្យបាញ់ចំពោះបុគ្គលមិនគោរពច្បាប់ នៅទូទាំងប្រទេសបង់ក្លាដែស ខណៈកងកម្លាំងយោធាបានល្បាតផ្នែកខ្លះនៃរដ្ឋធានីកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមនុស្សជាច្រើននាក់បានស្លាប់ និងរាប់រយនាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នាជុំវិញការបែងចែកការងារ។
សមាជិកសភាលោក អូបៃឌុល ក្វាឌើ (Obaidul Quader) អគ្គលេខាធិការគណបក្សកាន់អំណាច សម្ព័ន្ធអាវ៉ាមី (Awami League) បាននិយាយថា បម្រាមគោចរបានចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ហើយត្រូវបានបន្ធូរបន្ថយចាប់ពីថ្ងៃត្រង់ដល់ម៉ោង២រសៀល ដើម្បីឱ្យមនុស្សធ្វើកិច្ចការសំខាន់ៗ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ម៉ោង ១០ ព្រឹកថ្ងៃអាទិត្យនេះ ដោយអនុញ្ញាតឱ្យក្រុមមន្រ្តីបាញ់ដោយមិនរើសមុខទៅលើហ្វូងមនុស្សដែលបំពានបម្រាមនេះក្នុងករណីធ្ងន់ធ្ងរ។

បាតុកម្ម ដែលអំពាវនាវជាចម្បងដោយក្រុមនិស្សិត បានចាប់ផ្តើមជាច្រើនសប្តាហ៍មុន ដើម្បីតវ៉ានឹងប្រព័ន្ធកូតាដែលបម្រុងទុកការងាររដ្ឋាភិបាលរហូតដល់ ៣០ % សម្រាប់សាច់ញាតិរបស់អតីតយុទ្ធជនដែលបានប្រយុទ្ធក្នុងសង្គ្រាមឯករាជ្យរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ១៩៧១ ។ អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ដោយកាសែតប្រចាំថ្ងៃ ប្រូថូមអាឡូ ( Prothom Alo) រាយការណ៍ពីការស្លាប់មនុស្សយ៉ាងតិច១១៤នាក់។
ក្រុមមន្ត្រីបាននិយាយថា បម្រាមគោចរគឺដើម្បីលុបបំបាត់អំពើហិង្សាបន្ថែមទៀត បន្ទាប់ពីនគរបាល និងក្រុមបាតុករបានប៉ះទង្គិចគ្នានៅតាមដងផ្លូវ និងនៅតាមបរិវេណសាកលវិទ្យាល័យក្នុងទីក្រុង ដាកា (Dhaka) និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ក្រុមអាជ្ញាធរបង់ក្លាដែសពុំបានប្រាប់ពីចំនួនផ្លូវការនៃអ្នកស្លាប់និងរបួសនោះទេ៕