ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើឲ្យអាជ្ញាធរ និងពលរដ្ឋតាមមូលដ្ឋាន ដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវា៩កក្កដា។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់អំពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើ ដែលបានធ្វើឡើងនា ព្រឹកថ្ងៃទី២១ ខែកក្កដា នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់ការរៀបចំពិធីដាំដើមឈើជាប្រពៃណីជាតិឆ្នាំ២០២៤នេះ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញ ទទួលបានការឯកភាពពីរដ្ឋបាលរាជធានី បានដាំដើមឈើនៅទីតាំងប្រារព្វពិធីមានចំនួន ២៦៨ដើម ជាប្រភេទឈើធ្នង់ ក្រៅពីនេះនៅបានដាំ ៣៨៩៣ដើមផ្សេងទៀត នៅតាមបណ្តាទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញដូចជា ឈើក្រញ៉ូង នាងនួន បេង ធ្នង់ ក្ងោក ឥន្ទនេល ច្រេស សាគូរ៉ា ត្រយឹង ចន្ទន៍គ្រឹះស្នា ម្រះព្រៅភ្នំ រាំងទឹក គគីរ ឈើទាល ដើមលៀប ដើមខិតបណ្ណ ដើមគ្រាប់បែកនិងដើមអំពិលបារាំងជាដើម។
ប្រធានមន្ទីរកសិកម្មបន្ថែមថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានចែកកូនឈើចម្រុះដល់អង្គ ភាព សាលារៀន វត្តអារាម និងប្រជាពលរដ្ឋយកទៅដាំសរុបចំនួន ២៣៥០ដើម។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពង្រឹង និងពង្រីកបន្ថែមទៀតនូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅរក្សាតុល្យភាពរវាងការអភិវឌ្ឍន៍ និងការអភិរក្ស ពិសេសលើកកម្ពស់វិភាគទាននៃធនធានធម្មជាតិ ក្នុងនោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់ចំណុច បញ្ចកោណទី៤ មុំទី២។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តកំណែទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាព និងសមធម៌ស្របតាមកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩ ពិសេសតាមរយៈការកំណត់ព្រំប្រទល់ ចំណាត់ថ្នាក់ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះព្រមទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







