បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអ៊ុយរូហ្កាយ បានសំរេចលុបចោលការកោះហៅខ្សែប្រយុទ្ធ Manchester United, Edinson Cavani សំរាប់ការប្រកួតអន្តរជាតិនៅខែកញ្ញាខាងមុខនេះ។

ការសំរេចបែបនេះ បន្ទាប់ពីក្លិបនៅ English Premier League មួយចំនួនបានសំរេចចិត្តមិនឱ្យកីឡាកររបស់ខ្លួនចាកចេញ សំរាប់ការប្រកួតឱ្យក្រុមជំរើសជាតិរបស់ពួកគេ ដោយសារហេតុផលប្រទេសទាំងនោះស្ថិតក្នុងបញ្ជីក្រហម របស់ចក្រភពអង់គ្លេស។ រាល់ប្រទេសដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង់គ្លេស រាល់អ្នកដំណើរដែលត្រលប់មកវិញពីប្រទេសទាំងនោះ នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃមានន័យថា ពួកគេនឹងអវត្តមានពីការប្រកួតឱ្យក្លិបអាជីពពីរ រឺបីប្រកួតយ៉ាងហោចណាស់។ អ៊ុយរូហ្កាយនឹងត្រូវប្រកួតជំរុះ World Cup នៅតំបន់អាមេរិកឡាទីនចំនួន ៣ប្រកួតរួមមានជួបជាមួយប៉េរូ បូលីវៀ និងអេក្វាដ័រ។
ដោយឡែក Spurs ឯណោះវិញនឹងអនុញ្ញាតឱ្យកីឡាករអាហ្សង់ទីន ២រូបរបស់ខ្លួនចាកចេញរួមមាន Giovani Lo Celso និង Cristian Romero ដែលមានន័យថា អ្នកទាំងពីរនឹងត្រូវអវត្តមានពីការប្រកួតរបស់ Spurs ៣ប្រកួតពេលត្រលប់មកវិញ។ ជាមួយគ្នានោះដែរ Aston Villa ក៏បានអនុញ្ញាតឱ្យកីឡាករអាហ្សង់ទីនរបស់ខ្លួន ២រូបចាកចេញផងដែររួមមានអ្នកចាំទី Emi Martinez និង Emiliano Buendia៕
អត្ថបទ៖នាង សុភាវុធ