លោកប្រធានាធិបតីអាមេរិកលោក Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងការបោះឆ្នោតឡើងវិញដ៏ស្រពេចស្រពិលរបស់លោកកាលពីថ្ងៃអាទិត្យទី២១ ខែកក្កដា ខណៈមានការប្រឆាំងកាន់តែខ្លាំងនៅក្នុងគណបក្សប្រជាធិបតេយ្យរបស់លោក ហើយបានគាំទ្រអនុប្រធានាធិបតី លោកស្រីKamala Harris ឱ្យជំនួសរូបលោកជាបេក្ខជនរបស់គណបក្សនេះ ដើម្បីទប់ទល់នឹងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។

លោកស្រី Harris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "បំណងរបស់ខ្ញុំគឺចង់ឈ្នះការតែងតាំងនេះ" ។ "ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំដើម្បីបង្រួបបង្រួមគណបក្សប្រជាធិបតេយ្យ - និងបង្រួបបង្រួមជាតិរបស់យើង ដើម្បីផ្ដួលលោក Donald Trump" ។
លោក Biden វ័យ៨១ឆ្នាំ បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម X ថាលោកនឹងបន្តនៅក្នុងតួនាទីរបស់លោកជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការរហូតដល់អាណត្តិរបស់លោកបញ្ចប់អាណត្តិនៅខែមករាឆ្នាំ ២០២៥ ហើយនឹងថ្លែងទៅកាន់ប្រជាជាតិក្នុងសប្តាហ៍នេះ។ លោកមិនត្រូវបានគេមើលឃើញជាសាធារណៈទេ ចាប់តាំងពីបានធ្វើតេស្តវិជ្ជមានវីរុស COVID-19 កាលពីសប្តាហ៍មុន ហើយលោកកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកនៅគេហដ្ឋានរបស់លោកនៅតំបន់ឆ្នេររ៉េហូបូត (Rehoboth Beach) រដ្ឋ ដេឡាវ៉ែ (Delaware) ។
លោក Biden បានសរសេរថា ខណៈខ្ញុំមានបំណងស្វែងរកការបោះឆ្នោតឡើងវិញ ខ្ញុំជឿថានោះជាផលប្រយោជន៍ល្អបំផុតរបស់គណបក្ស និងប្រទេសរបស់ខ្ញុំ តែពេលនេះខ្ញុំសម្រេចចិត្តដកខ្លួនចេញ ហើយផ្តោតតែលើការបំពេញភារកិច្ចរបស់ខ្ញុំជាប្រធានាធិបតីសម្រាប់រយៈពេលដែលនៅសល់នៃអាណត្តិរបស់ខ្ញុំប៉ុណ្ណោះ ។
ប្រសិនបើត្រូវបានតែងតាំងជាផ្លូវការ លោកស្រី Harris វ័យ៥៩ ឆ្នាំនឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេដែលមានឈ្មោះនៅក្នុងសន្លឹកឆ្នោតដ៏សំខាន់សម្រាប់គណបក្សដ៏ធំ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា និងជាអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រីធ្លាប់បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតី តែបានចាញ់លោក Biden ក្នុងឆ្នាំ២០២០ ៕