បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យ (២១ កក្កដា) ថា លោកគិតថាលោកនឹងងាយស្រួលយកឈ្នះលើអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ជាងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលនៅមុននោះបន្តិចបានដកខ្លួនពីតំណែងជាបេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ។

លោក Trump បានប្រាប់ទូរទស្សន៍ CNN ថា «លោកស្រី Harris នឹងងាយត្រូវលោកផ្ដួលជាងលោក Joe Biden»។ លោក Trump និងយុទ្ធនាការរបស់លោក ក៏បានវាយប្រហារលោក Biden និងលោកស្រី Harris នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈនិយាយថាលោក Biden មិនស័ក្ដិសមក្នុងការបន្តធ្វើជាប្រធានាធិបតីនោះទេ។

លោក Biden បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកបក្សប្រជាធិបតេយ្យបានបាត់បង់ទំនុកចិត្តលើស្មារតី និងសមត្ថភាពរបស់លោកក្នុងការផ្តួលលោក Trump ហើយលោក Biden បានគាំទ្រលោកស្រី Harris ដើម្បីជំនួសបេក្ខភាពរបស់លោក។ នៅលើវេទិកាសង្គម ទ្រូស សូសល (Truth Social) របស់ខ្លួនកាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោក Biden «មិនស័ក្តិសមក្នុងការឈរឈ្មោះជាប្រធានាធិបតីទេ ហើយពិតជាមិនស័ក្តិសមក្នុងការបម្រើការទៀតឡើយ»។

លោក Trump និងលោក Biden នាំមុខប្រកៀកប្រកិតគ្នានៅក្នុងការស្ទង់មតិភាគច្រើន ប៉ុន្តែបន្ទាប់ពីការជជែកដេញដោល ការស្ទង់មតិមួយចំនួនបានបង្ហាញថាលោក Trump នាំមុខលើសលោកប្រធានាធិបតីរូបនេះនៅក្នុងការបោះឆ្នោតតទល់គ្នាឡើងវិញនៅខែវិច្ឆិកាខាងមុខ៕