ផ្នែកភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងស្ថិតក្រោមកម្ដៅកម្រិតបំបែកកំណត់ត្រាមួយផ្សេងទៀត ខណៈរលកកម្ដៅត្រូវបានគេព្យាករថានឹងបង្កើនសីតុណ្ហភាពលើសកម្រិត ៣៨អង្សារសេនៅក្នុងទីក្រុងនានាចាប់ពីភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា (California) ទៅដល់ភាគខាងជើងរដ្ឋអាយដាហូ (Idaho) រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ។

សេវាអាកាសធាតុជាតិ (NWS) បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល ៣០ លាននាក់កំពុងស្ថិតក្រោមការប្រឹក្សាអំពីកម្ដៅ ឬការព្រមានអំពីកម្ដៅខ្លាំងដែលមានប្រសិទ្ធភាពរហូតដល់ថ្ងៃពុធ (២៤ កក្កដា) ដោយមានការព្យាករខ្លះថាសីតុណ្ហភាពនឹងឡើងដល់ ៤៣អង្សាសេ។ រដ្ឋទាំងនោះរួមមានផ្នែកខ្លះនៃរដ្ឋកាលីហ្វ័រនីញ៉ា អារីហ្សូណា (Arizona) ណេវ៉ាដា (Nevada) អាយដាហូ (Idaho) អូហ្គិន (Oregon) និងវ៉ាស៊ីនតោន។

ការស្រាវជ្រាវបង្ហាញថាបម្រែបម្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល កំពុងជួយបង្កើតរលកកម្ដៅដ៏គ្រោះថ្នាក់នៅទូទាំងពិភពលោក។ ក្រុមមន្ត្រីកំពុងព្រមានអំពីហានិភ័យសុខភាពសំខាន់ៗដែលទាក់ទងនឹងកម្ដៅខ្លាំង រួមទាំងជំងឺសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្លាំង។

អ្នកជំនាញផ្នែកឧតុនិយមនៅសេវាអាកាសធាតុជាតិបាននិយាយថា ផ្នែកភាគពាយព្យនៃសហរដ្ឋអាមេរិកនឹងជួបប្រទះនឹងភាពមិនធម្មតានៃអាកាសធាតុក្ដៅបំផុត រួមទាំងផ្នែកភាគច្រើននៃរដ្ឋ វ៉ាស៊ីនតោន ខណៈទីក្រុងធំៗដូចជា ស៊ីអាថល (Seattle) និង ផតលែន (Portland) នឹងអាចគេចផុតពីកម្ដៅដ៏ខ្លាំងក្លានេះ៕