តុលាការកំពូលរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ (២១ កក្កដា) បានលុបចោលកូតាការងារភាគច្រើនរបស់រដ្ឋាភិបាល បន្ទាប់ពីបាតុកម្មទូទាំងប្រទេសដឹកនាំដោយនិស្សិត បានឈានដល់ការប៉ះទង្គិចគ្នាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់ ប៉ុន្តែអ្នករៀបចំការតវ៉ាមួយចំនួនបាននិយាយថាការតវ៉ានឹងនៅតែបន្ត។

រដ្ឋអាជ្ញាលោក អេអ៊ែម អាមីន អ៊ូឌីន (A.M. Amin Uddin) ប្រាប់សារព៏ត៌មានរ៉យទ័រថា៖ ដោយច្រានចោលដីការបស់តុលាការជាន់ទាប នាយកដ្ឋានឧទ្ធរណ៍របស់តុលាការកំពូលបានប្រកាសថា ៩៣ ភាគរយនៃការងាររបស់រដ្ឋាភិបាល គួរតែបើកចំហសម្រាប់បេក្ខជនដែលមានគុណសម្បត្តិ និងសមត្ថភាពទាំងអស់។

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលុបចោលប្រព័ន្ធកូតានេះក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ ៥៦ ភាគរយនៃការងារត្រូវបានបម្រុងទុកសម្រាប់ក្រុមដូចជាគ្រួសារអ្នកតស៊ូដើម្បីសេរីភាព ស្ត្រី និងប្រជាជនមកពីស្រុកដែលមិនទាន់មានការអភិវឌ្ឍន៍។ ប៉ុន្តែតុលាការជាន់ទាបបានដាក់កូតានោះឡើងវិញកាលពីខែមុន ដោយបានបង្កឱ្យមានការតវ៉ាដ៏បង្ហូរឈាម។

ការប៉ះទង្គិចគ្នានាពេលថ្មីៗនេះបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាដ៏ហិង្សាស្រដៀងគ្នានេះនៅមុនការបោះឆ្នោតជាតិក្នុងខែមករា ពីគូប្រជែងរបស់លោកស្រី Hasina ក្នុងការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាការគ្រប់គ្រងផ្តាច់ការរបស់លោកស្រី និងការតវ៉ាដោយកម្មករកាត់ដេរទាមទារប្រាក់ឈ្នួលកាន់តែប្រសើរឡើងស្របពេលមានអតិផរណាខ្ពស់៕