កោះតៃវ៉ាន់ បានចាប់ផ្តើមហ្គេមសង្រ្គាម (សមយុទ្ធ) ឈ្មោះ ហាន ខ័ង (Han Kuang) ប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទ (២២ កក្កដា) នេះ ដែលឆ្នាំនេះមានបំណងធ្វើត្រាប់ឱ្យដូចបំផុតដែលអាចធ្វើទៅបានទៅនឹងការប្រយុទ្ធជាក់ស្តែងដោយមិនមានការព្រាងទុកដូចមុនៗ និងក្លែងធ្វើដូចជាការវាយក្រសោបរបស់ចិន។

សមយុទ្ធរបស់តៃវ៉ាន់នៅឆ្នាំនេះ បានលុបចោលធាតុដែលភាគច្រើនសម្រាប់សម្ដែងឱ្យល្អមើល ដូចជាការបង្ហាញកម្លាំងអាវុធបែបសិប្បនិមិត្តជាដើម ដោយជំនួសមកវិញនូវសមយុទ្ធពេលយប់កាន់តែខ្លាំងក្លា និងការអនុវត្តរបៀបប្រតិបត្តិការជាមួយនឹងបញ្ជាការដែលត្រូវបានកាត់ផ្តាច់។

ដោយចាប់ផ្តើមធ្វើសមយុទ្ធនៅភាគខាងជើងនៃទីក្រុង ថាវយ័ន (Taoyuan) ខាងក្រៅទីក្រុងតៃប៉ិ និងជាទីតាំងរបស់អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់តៃវ៉ាន់ ក្រុមទាហានបម្រុងបានប្រមូលផ្តុំគ្នាដើម្បីទទួលបញ្ជាដូចដែលពួកគេអាចធ្វើក្នុងអំឡុងសង្រ្គាម ហើយរថយន្តស៊ីវិលត្រូវបានដាក់ឱ្យចូលបម្រើការដើម្បីដឹកគ្រឿងផ្គត់ផ្គង់។

នៅពេលល្ងាច យោធានឹងអនុវត្តការការពារកំពង់ផែក្រុងតៃប៉ិ។ សេណារីយ៉ូនៃហ្កេមសង្គ្រាមរយៈពេលប្រាំថ្ងៃក្នុងសប្តាហ៍នេះ រួមមានការបង្កើតបណ្ដាញបញ្ជាបន្ទាន់ បន្ទាប់ពីមជ្ឈមណ្ឌលដែលមានស្រាប់ត្រូវបានបំផ្លាញ និងការបំបែកកងកម្លាំងចិន ដែលព្យាយាមចុះចតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់កោះតៃវ៉ាន់នៅទល់មុខនឹងប្រទេសចិន៕