ប្រជាជនទីក្រុងប៉ារីស និងអ្នកទេសចរ នៅជិតវិមាន អាក ដឺ ទ្រីយ៉ូម (Arc de Triomphe) បាននិយាយថា វាពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចចិត្តចាកចេញពីការប្រកួតរប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី។

មនុស្សភាគច្រើន បានស្វាគមន៍ចំពោះព័ត៌មាននេះ ដោយនិយាយថាអាយុរបស់ប្រធានាធិបតី៨១ឆ្នាំ គឺជាបញ្ហាមួយ ហើយមានសំនួរជាច្រើនអំពីកាយសម្បទារបស់លោក សម្រាប់ការបន្តកាន់តំណែង។

លោក Biden បានបញ្ចប់យុទ្ធនាការបោះឆ្នោតថ្មីរបស់លោក បន្ទាប់ពីសមាជិកបក្សប្រជាធិបតេយ្យបានបាត់បង់ជំនឿលើភាពឆ្លាតវៃ និងសមត្ថភាពរបស់លោកក្នុងការយកជ័យជម្នះលើ លោក Donald Trump ។
លោក Biden ក្នុងការបង្ហោះលើបណ្តាញសង្គម X បាននិយាយថា លោកនឹងនៅតែមានតំណែងជាប្រធានាធិបតី និងជាមេបញ្ជាការរហូតដល់អាណត្តិរបស់លោក ត្រូវបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៥។
លោកបានប្រកាសគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris សម្រាប់ការតែងតាំងក្នុងគណបក្សប្រជាធិបតេយ្យ។
