យោធាប្រទេសអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងអំពីការកេណ្ឌកងទ័ពដល់សមាជិក១.០០០ នាក់នៃសហគមន៍ជ្រុលនិយម កាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ជាចំណាត់ការមួយក្នុងគោលបំណងពង្រឹងជួរកងទ័ព ប៉ុន្តែអាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀតរវាងជនជាតិអ៊ីស្រាអែលមិនទាក់ទងនឹងសាសនា និងអ្នកជ្រុលនិយមសាសនា។

តុលាការកំពូល បានចេញសេចក្តីសម្រេចកាលពីខែមុនថា ក្រសួងការពារជាតិ ឈប់ផ្តល់ការលើកលែងដល់និស្សិតជនជាតិជ្វីហ្វ ពីការកេណ្ឌយោធាទៀតហើយ ដែលការរៀបចំការលើកលែងបែបនេះ បានធ្វើឡើងចាប់តាំងពីពេលនៃការបង្កើតអ៊ីស្រាអែលក្នុងឆ្នាំ ១៩៤៨ ដែលនៅពេលនោះចំនួនអ្នកជ្រុលនិយមសាសនា មានចំនួនតិចតួច។

ការផ្លាស់ប្តូរគោលនយោបាយថ្មីនេះ ត្រូវបានជំទាស់ដោយភាគីសាសនាចំនួនពីរ នៅក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដោយដាក់ភាពតានតឹងធ្ងន់ធ្ងរទៅលើក្រុមចម្រុះស្តាំនិយម ខណៈសង្រ្គាមនៅហ្កាហ្សា នៅតែបន្ត។
មេដឹកនាំនៃសហគមន៍ជ្រុលនិយមដែលកើនឡើងយ៉ាងឆាប់រហ័សនិយាយថា ការបង្ខំនិស្សិតសាសនាឱ្យបម្រើជាមួយជនជាតិអ៊ីស្រាអែលដែលមិនទាក់ទងសាសនា រួមទាំងស្ត្រី បង្កហានិភ័យក្នុងការបំផ្លាញអត្តសញ្ញាណរបស់ពួកគេ ជាជនជាតិជ្វីហ្វដែលទាក់ទងនឹងសាសនា។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបង្កើតអង្គភាពមួយចំនួនសម្រាប់អ្នកជ្រុលនិយមសាសនា។
លោក Netsach Cohen អាយុ១៩ ឆ្នាំបាននិយាយមុនពេលចូលទៅកាន់មូលដ្ឋានជ្រើសរើសកងទ័ពថា យើងចាំបាច់ត្រូវការពារប្រទេសរបស់យើង វាជាបទបញ្ជាដ៏សំខាន់។ ប៉ុន្តែការជ្រើសរើសមនុស្សដោយបង្ខំនឹងមិនជួយដល់ប្រទេសយើងនោះទេ វាត្រូវធ្វើឡើងដោយស្ម័គចិត្ត ដោយការគិតពិចារណា។
បន្ទាប់ពីការកំណត់ដំបូងនៃការកេណ្ឌយោធា ការជូនដំណឹងបន្ថែមសម្រាប់ការចុះឈ្មោះអ្នកជ្រុលនិយមសាសនាសរុបមានចំនួន ៣.០០០នាក់ ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជូនចេញនៅក្នុងសប្តាហ៍ខាងមុខនេះ។
រដ្ឋាភិបាលនៅតែព្យាយាមអនុម័តច្បាប់ស្តីពីការកេណ្ឌយោធា ដែលអាចបង្កើតការសម្របសម្រួលមានកម្រិតមួយចំនួន និងដោះស្រាយបញ្ហា មុនពេលមានការគំរាមកំហែងដល់ស្ថិរភាពរបស់ក្រុមចម្រុះ។