សកម្មជនប្រឆាំងទេសចរណ៍រាប់ពាន់នាក់ បានតវ៉ានៅ ទីក្រុង Palma de Mallorca ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ក្នុងបាតុកម្មថ្មីបង្អស់ប្រឆាំងឧស្សាហកម្មដ៏សំខាន់សម្រាប់ប្រទេសនៅឧបទ្វីបអ៊ីបេរីយ៉ាមួយនេះ។

ដោយមានកាន់រូបគំរូយន្តហោះ និងនាវាទេសចរណ៍ ក្រុមអ្នកតវ៉ា បានដើរឆ្លងកាត់តាមផ្លូវនានានៅរដ្ឋធានី Mallorca ដោយមានផ្ទាំងបដាសរសេរថា «ទេ ចំពោះទេសចរណ៍ទ្រង់ទ្រាយធំ» បញ្ឈប់យន្តហោះឯកជន និង «ភាពប្រណីតរបស់អ្នក ជាភាពវេទនារបស់យើង»។
សកម្មជនប្រឆាំងទេសចរណ៍ បានធ្វើបាតុកម្មជាបន្តបន្ទាប់នៅឆ្នាំនេះនៅទីក្រុងបាសេឡូណា និងគោលដៅវិស្សមកាលដ៏ពេញនិយមផ្សេងទៀតដូចជាទីក្រុង Palma de Mallorca, Malaga និងកោះ Canary ដោយនិយាយថាភ្ញៀវទេសចរ ជំរុញឱ្យកើនឡើងតម្លៃលំនៅឋាន និងនាំឱ្យប្រជាជនមិនអាចមានលទ្ធភាពរស់នៅក្នុងទីក្រុងបាន។

នគរបាលបាននិយាយថា អ្នកតវ៉ាប្រហែល ១០.០០០នាក់ បានចូលរួមក្នុងបាតុកម្មនៅទីក្រុង Mallorca កាលពីថ្ងៃអាទិត្យ។
អ្នកទេសចរមួយចំនួនបានគាំទ្របាតុកម្ម ខណៈអ្នកផ្សេងទៀតហាក់ដូចជាមិនគាំទ្រនោះទេ។ វិទ្យាស្ថានស្ថិតិជាតិអេស្ប៉ាញបាននិយាយថា បន្ទាប់ពីតំបន់កាតាឡូនី កោះបាលីអារីក(Balearic) គឺជាតំបន់ពេញនិយមបំផុតទីពីររបស់អេស្ប៉ាញសម្រាប់ភ្ញៀវទេសចរកាលពីឆ្នាំមុន ដោយបានទាក់ទាញអ្នកមកកម្សាន្តចំនួន១៤,៤ លាននាក់។
យោងតាមទិន្នន័យពី Exceltur ជាអង្គការឧស្សាហកម្មមួយបានឲ្យដឹងថា វិស័យទេសចរណ៍បង្កើតបាន ៤៥% នៃផលិតផលក្នុងស្រុកសរុបរបស់កោះ បាលីអារីក(Balearic) ។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ មនុស្ស ១៦,១លាននាក់ បានទៅទស្សនាប្រទេសអេស្ប៉ាញ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។