ក្រុមសកម្មជនប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តមជ្ឈិមបូព៌ារបស់ខ្លួនមួយនេះ គ្រោងនឹងធ្វើបាតុកម្មនៅវិមានកាពីតូល (Capitol) នៅថ្ងៃពុធ (២៤ កក្កដា) សប្ដាហ៍នេះ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

នគរបាលរំពឹងថានឹងមាន «ក្រុមបាតុករមួយចំនួនធំ» ហើយកំពុងរៀបចំសន្តិសុខបន្ថែម ប៉ុន្តែបាននិយាយថា មិនមានការគំរាមកំហែងអ្វីនោះទេ។ លោក Netanyahu នឹងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះសម្រាប់សុន្ទរកថានៅថ្ងៃទី២៤ ខែកក្កដា ទៅកាន់សម័យប្រជុំរួមនៃសភាសហរដ្ឋអាមេរិក ហើយលោកក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ផងដែរ។
សហរដ្ឋអាមេរិក បានមើលឃើញការតវ៉ាជាច្រើនខែពីក្រុមគាំទ្រប៉ាឡេស្ទីន និងនិស្សិតមហាវិទ្យាល័យជុំវិញការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែល ស្របពេលមានសង្គ្រាមនៅហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ ខណៈជម្លៀសប្រជាជនជិត ២,៣ លាននាក់របស់តំបន់ដ៏តូចចង្អៀតមួយនេះ និងបង្កឱ្យមានវិបត្តិភាពអត់ឃ្លាន។

ខិត្តប័ណ្ណនៃគម្រោងតវ៉ាមួយបានជំរុញឱ្យមានការបង្កើត «ខ្សែបន្ទាត់ក្រហមរបស់ប្រជាជននៅជុំវិញអគារវិមានកាពីតូល» នៅថ្ងៃពុធ ជាទីដែលក្រុមបាតុករនឹងរិះគន់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការមិនគូស «បន្ទាត់ក្រហម» ក្នុងការគាំទ្រអ៊ីស្រាអែល បើទោះបីជាចំនួនអ្នកស្លាប់ដោយសារសង្រ្គាមានច្រើនលើសលប់ក៏ដោយ៕
