យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ (២២ កក្កដា) នេះបានអំពាវនាវឱ្យពលរដ្ឋហ្កាហ្សា ជម្លៀសខ្លួនចេញផ្នែកភាគខាងកើតនៃទីក្រុង ខាន់យូនីស (Khan Younis) ដោយនិយាយថាខ្លួនកំពុងរៀបចំ «ប្រតិបត្តិការដ៏ខ្លាំងក្លា» ប្រឆាំងនឹងការបាញ់គ្រាប់រ៉ូកែតជាថ្មី និងសកម្មភាពរបស់ពួកសកម្មប្រយុទ្ធពីតំបន់ដែលខ្លួនបានកំណត់ថាជាតំបន់មនុស្សធម៌មួយនោះ។

ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសនេះ យោធានិយាយថា ខ្លួនកំពុងកែសម្រួលព្រំដែននៃតំបន់មនុស្សធម៌ដើម្បីឱ្យប្រជាជនស៊ីវិលគេចេញឆ្ងាយពីតំបន់ប្រយុទ្ធ។ កងទ័ពអ៊ីស្រាអែល ធ្លាប់បានបញ្ជាឱ្យមានការជម្លៀសប្រជាជនប៉ាឡេស្ទីនទ្រង់ទ្រាយធំម្ដងរួចមកហើយចេញពីទីក្រុង ខាន់យូនីស កាលពីដើមខែនេះ ហើយបានទម្លាក់ខិត្តប័ណ្ណរាប់ពាន់សន្លឹកជុំវិញទីក្រុងហ្កាហ្សា កាលពីថ្ងៃទី១០ កក្កដា ជំរុញឱ្យអ្នកស្រុកភៀសខ្លួនទៅតំបន់មនុស្សធម៌។

ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៩០ នាក់នៅក្នុងតំបន់មនុស្សធម៌ដែលបានកំណត់នៅហ្កាហ្សា កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) នៅក្នុងការវាយប្រហារដែលអ៊ីស្រាអែលបាននិយាយថាបានកំណត់គោលដៅលើប្រមុខយោធាហាម៉ាស។

អង្គការសហប្រជាជាតិបាននិយាយថាការជម្លៀស «នឹងកាន់តែបង្កើនទុក្ខវេទនាដ៏ធំសម្រាប់ក្រុមគ្រួសារប៉ាឡេស្ទីនដែលភាគច្រើនត្រូវបានផ្លាស់ទីលំនៅជាច្រើនដងរួចមកហើយនោះ»៕