នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា នៃអគ្គលេខាធិការរដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា និន្នាការបញ្ហាគ្រឿងញៀន នៅលើពិភពលោកមិនមានការថមថយនោះទេ ដោយឧក្រិដ្ឋជន មានលទ្ធភាពផលិតគ្រឿនញៀនច្រើនបែបជាងមុន ខណៈកម្ពុជាបាននិងកំពុងដាក់ចេញនូវយន្តការជាច្រើនចំណុច ដើម្បីទប់ស្កាត់ទប់ទល់បញ្ហានេះ ។
ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ “គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា នាពេលបច្ចុប្បន្ន ការផលិតគ្រឿងញៀនរបស់ឧក្រិដ្ឋជន មានជាលក្ខណៈពាក់កណ្ដាលសំយោគ និងធ្វើសំយោគ គឺមានន័យថា ការផលិតយកសារធាតុគីមីលាយផ្សំគ្នា មិនចាំបាច់យករុក្ខជាតិមានជាតិញៀន មកផលិតដូចមុននោះទេ ។
ឯកឧត្តមបានបន្តថា ចំពោះការផលិតនេះ ឧក្រិដ្ឋជន បានផលិតនៅទីកន្លែងអាថ៍កំបាំង ក្នុងព្រៃក្រាសៗ ជាពិសេសនៅក្នុងតំបន់ត្រីកោណមាស ដែលគ្មានរដ្ឋបាលប្រទេសណាមួយគ្រប់គ្រងបានត្រឹមត្រូវ ពិបាកក្នុងការបាញ់ផ្កាយរណបតាមដាន ឬមើលឃើញ ព្រោះជនល្មើសបានផលិតនៅក្នុងផ្ទះ ឬទីតាំងបិទជិត ។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ គូសបញ្ជាក់ថា ទន្ទឹមនឹងនិន្នាការមិនមានថមថយ នៃបទល្មើសគ្រឿងញៀននេះ ជាពិសេសចេញពីតំបន់ត្រីកោណនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កម្លាំងនៅតាមច្រកព្រំដែន ដែលតែងតែមាននូវឧក្រិដ្ឋជនដឹកឆ្លងកាត់ចូលប្រទេសកម្ពុជា ទៅកាន់ប្រទេសទី៣ រួមទាំងបានដាក់ចេញយុទ្ធសាស្ត្រថ្នាក់ជាតិចំនួន ៦ចំណុច ជាមួយនឹងវិធានការយុទ្ធសាស្ត្រចំនួន ៨ចំណុច ។
ឯកឧត្តម បានបន្តទៀតថា យុទ្ធសាស្ត្រថ្នាក់ជាតិទាំង ៦ចំណុច ដាក់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី១. កាត់បន្ថយតម្រូវការគ្រឿងញៀន, ទី២. កាត់បន្ថយការជួញដូរគ្រឿងញៀន, ទី៣. ការពង្រឹងប្រសិទ្ធភាពព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្ម, ទី៤. ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់, ទី៥. ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៦. ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ ។
ចំពោះវិធានការយុទ្ធសាស្ត្រចំនួន ៨ចំណុច រួមមានទី១. ការពង្រឹងការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងក្រោមជាតិ, ទី២. ការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន, ទី៣. ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាហរណកម្មការចាកចេញពីគ្រឿងញៀន, ទី៤. ការពង្រឹងស្ថាប័នអនុវត្តច្បាប់, ទី៥. ពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យគ្រឿងផ្សំ, ទី៦. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន, ទី៧. ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា និងទី៨. គឺការអនុវត្តលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ អត្ថបទ បាន សុខរិទ្ធិ