បាល់ទាត់៖ អតីតខ្សែប្រយុទ្ធក្រុមជំរើសជាតិអេស្ប៉ាញ Diego Costa មិនបានចូលលេងមួយប្រកួតណាឡើយតាំងពីចាកចេញពី Atletico Madrid កាលពីខែធ្នូចុងឆ្នាំមុន។ ក្រោយផ្លាស់ទៅកាន់ក្លិបថ្មី Atletico Mineiro កីឡាករវ័យ ៣២ឆ្នាំរូបនេះមិនខ្ជះខ្ជាយពេលវេលានៅលើទីលានឡើយ ដោយបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូងឱ្យក្រុមថ្មីតែម្តង។

តែគ្រាប់បាល់របស់ Diego Costa បានត្រឹមជួយ Atletico Mineiro ត្រឹមស្មើគ្នាជាមួយ Red Bull Bragantino ប៉ុណ្ណោះនៅក្របខណ្ឌលីគកំពូលប្រេស៊ីល។ រំលឹកថា ខ្សែប្រយុទ្ធអេស្ប៉ាញវ័យ ៣២ឆ្នាំរូបនេះបានចាកចេញពី Atletico Madrid កាលពីខែធ្នូចុងឆ្នាំ២០២០ បន្ទាប់ពីស្នើសុំក្លិបដើម្បីបញ្ចប់កិច្ចសន្យាមុនកំណត់។ Costa ធ្លាប់មានអាជីពជាមួយក្រុមតោខៀវ Chelsea ដោយឈ្នះជើងឯក English Premier League ពីរលើកក្រោយស៊ុតបញ្ចូលទីបាន ៥៩គ្រាប់ក្នុងការបង្ហាញខ្លួន ១២០លើក៕
អត្ថបទ៖នាង សុភាវុធ