ភ្នំពេញ៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតឲ្យលោក Liu Hailong តំណាងសមាគមមិត្តភាពវប្បធម៌ខ្មែរ-ចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួង នៅព្រឹកថ្ងៃទី៥ សីហានេះ។
តាមរយៈជំនួបនេះ លោក Liu Hailong បានស្នើសុំក្រសួងវប្បធម៌ គាំទ្រសកម្មភាពផ្សព្វផ្សាយវប្បធម៌របស់ខ្លួន ក្នុងប្រទេសកម្ពុជា។ សមាគមមានបំណងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរខ្មែរ-ចិន គឺសិល្បករចិនមកសម្តែងនៅកម្ពុជា និងសិល្បករកម្ពុជា ទៅសម្តែងនៅចិន ក្នុងនោះ ផ្តោតសំខាន់លើសិល្បៈសូនរូប ដោយមានវិចិត្រករគំនូរចិន មកកម្ពុជា និងវិចិត្រករគំនូរកម្ពុជាទៅចិន ដោយធ្វើការងាររួមគ្នា ដើម្បីផ្សព្វផ្សាយវប្បធម៌រវាងប្រទេសទាំងពីរ។ ហើយសមាគម សព្វថ្ងៃមានទីស្នាក់កណ្តាលនៅខេត្ត អ៊ីនសួរ។
លោកបានបន្តថា ខេត្តអ៊ីនសួរ គឺជាអតីតដើមកំណើតរបស់លោក ជីវ តាក្វាន់ ដែលបានសរសេរសៀវភៅស្តីពីជីវិតចេនឡា នៅចុងទសវត្សរ៍ទី១៣ សៀវភៅមួយក្បាលនោះ បានបរិយាយអំពីជីវភាពរស់នៅរបស់អ្នកស្រុកចេនឡា។ ហេតុនេះបានជាសមាគមមានសកម្មភាព និងផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសកម្ពុជា ទៅដល់ប្រជាជនចិនច្រើន ក៏ដូចជាប្រជាជនចិន ដែលកំពុងរស់នៅទូទាំងពិភពលោកឲ្យស្គាល់កម្ពុជា។ ក្នុងនោះ សមាគម បានផលិតជាខ្សែភាពយន្ត មានចំណងជើងថា ស្នាមញញឹមនៃកម្ពុជា ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាពិសេសទៅថ្ងៃអគនាគត សមាគម និងបើកដំណើរការ និងធ្វើសកម្មភាពរបស់ខ្លួននៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយសមាគម និងភ្ជាប់ជាស្ពានទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកម្ពុជា និងចិន។
ជាការឆ្លើយតប លោកជំទាវ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមស្វាគមន៍ គាំទ្រ និងទទួលនូវកិច្ចសហប្រតិបត្តិការទាំងអស់នេះ ហើយលោកជំទាវក៏ស្នើសុំឲ្យរៀបចំជាឯកសារផ្សេងៗ ព្រោះថានេះជាលើកទី១ ដែលសមាគមបានមកជួប លោកជំទាវ។
ជាចុងក្រោយ លោក Liu Hailong តំណាងសមាគមមិត្តភាពវប្បធម៌ខ្មែរ ចិន ក៏បានគោរពអញ្ជើញលោកជំទាវ ភឿង សកុណា និងមន្រី្តក្រោមឱវាទ ធ្វើទស្សនកិច្ចនៅខេត្ត អ៊ីនសួរ ដើម្បីផ្លាស់ប្តូរវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ៕
