
មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានទំនាក់ទំនង «លក្ខណៈស្ថាបនា» រវាងសភារបស់ប្រទេសនេះ និងរដ្ឋាភិបាលថ្មី។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ បាននិយាយថា លោក Khamenei បានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំជាមួយសភាថ្មីរបស់អ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ ក្នុងអំឡុងពេលដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមដោយប្រធានាធិបតីជាប់ឆ្នោតលោក Masoud Pezeshkian ផងដែរ។

លោក Khamenei បានថ្លែងថា៖«អនុសាសន៍ដ៏រឹងមាំរបស់ខ្ញុំ គឺកិច្ចសហប្រតិបត្តិការបែបស្ថាបនារបស់សភាជាមួយនឹងរដ្ឋាភិបាលថ្មី។ ភាពជោគជ័យរបស់ប្រធានាធិបតីថ្មី និងរដ្ឋបាលរបស់លោក គឺជាជោគជ័យរបស់យើងទាំងអស់គ្នាដែរ»។
មេដឹកនាំអ៊ីរ៉ង់រូបនេះ បានជំរុញឲ្យរដ្ឋបាល សភា និងមន្ត្រីផ្សេងទៀតបង្ហាញ «សំឡេងរួបរួម» លើបញ្ហាសំខាន់ៗ ដើម្បីរារាំងអ្នកដែលស្វែងរកកេងចំណេញលើសញ្ញានៃការបែងចែកណាមួយ។
លោកបានគូសបញ្ជាក់ពីភារកិច្ចបន្ទាន់របស់សភា ក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តដល់គណៈរដ្ឋមន្ត្រីដែលបានស្នើឡើងដោយលោក Pezeshkian ដោយរំលឹកដល់ប្រធានាធិបតីជាប់ឆ្នោតអំពីការទទួលខុសត្រូវសំខាន់ៗរបស់ខ្លួន ក្នុងនាមជាប្រធានផ្នែកប្រតិបត្តិ។