
ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនដែលបញ្ឈប់សមយុទ្ធយោធារួមគ្នារបស់ពួកគេប្រឆាំងនឹងកូរ៉េខាងជើង ចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដោយអះអាងថា ពួកគេកំពុងឆ្លងកាត់បន្ទាត់ក្រហមនៃ សង្គ្រាមនុយក្លេអ៊ែរថ្មី។
សារព័ត៌មាន Rodong Sinmun ដែលជាកាសែតសំខាន់របស់កូរ៉េខាងជើង បានបង្កើនការយល់ដឹងជាសាធារណៈប្រឆាំងនឹងសហរដ្ឋអាមេរិក នៅមុនខួបលើកទី ៧១ នៃការចុះហត្ថលេខាលើបទឈប់បាញ់ នៅថ្ងៃទី ២៧ ខែកក្កដា ដែលត្រូវបានប្រារព្ធជាទិវាជ័យជម្នះ នៅក្នុងប្រទេសកូរ៉េខាងជើង។

សារព័ត៌មាននេះ បានរាយការណ៍ថា៖«ការឈ្លានពានខ្វះការពិចារណារបស់សត្រូវនិងសង្រ្គាម មិនដែលត្រូវបានបញ្ឈប់» ដោយបានបញ្ជាក់ថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធសង្រ្គាមប្រឆាំងនឹងកូរ៉េខាងជើង ដោយពុំមានការផ្អាកទេ ចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់នោះ។
កាសែត Rodong Sinmun បានបន្ថែមទៀតថា៖«ឥឡូវនេះ ពួកគេ កំពុងឆ្លងកាត់បន្ទាត់ក្រហមនៃ សង្គ្រាមនុយក្លេអ៊ែរពិភពលោកថ្មី ដោយមិនស្ទាក់ស្ទើរ»។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានច្រានចោលការអះអាងនេះ ដោយនិយាយថា វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេសម្រាប់កូរ៉េខាងជើង ដែលដើរតួជាជនរងគ្រោះ ខណៈដែលខ្លួនជាអ្នកឈ្លានពានដោយមានការគាំទ្រពីសហភាពសូវៀត និងប្រទេសចិននោះទេ។
លោក Koo Byoung-sam អ្នកនាំពាក្យក្រសួង បាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា៖« រយៈពេល ៧០ឆ្នាំកន្លងទៅនេះ បានឃើញប្រទេសកូរ៉េខាងត្បូងសម្រេចបាននូវសេរីភាព លទ្ធិប្រជាធិបតេយ្យ និងកំណើនសេដ្ឋកិច្ច ដែលមិនអាចប្រៀបផ្ទឹមជាមួយនឹងប្រទេសកូរ៉េខាងជើង ហើយភពលោកទាំងមូល បានមើលឃើញយ៉ាងច្បាស់»។