
ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអេហ្ស៊ីបជឿថា ការវាយប្រហារនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើកំពង់ផែ Hudaydah របស់ប្រទេសយេម៉ែន បានធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់ កាន់តែខ្លាំងឡើង ដូច្នេះភាគីពាក់ព័ន្ធ គួរតែព្យាយាមទប់ស្កាត់មជ្ឈិមបូព៌ាពីការធ្លាក់ចូលទៅក្នុងភាពវឹកវរ។
យោងតាមឯកសារ ក្រសួងការបរទេសអេហ្ស៊ីប «កំពុងតាមដានស្ថានការណ៍ដោយក្តីបារម្ភយ៉ាងខ្លាំង»។ ក្រសួងនេះ «ជឿជាក់ថា គ្រប់ភាគីទាំងអស់ ត្រូវតែបង្ហាញការអត់ធ្មត់» និងជំរុញឲ្យ«ទប់ស្កាត់តំបន់នេះ កុំឲ្យ ធ្លាក់ចូលទៅក្នុងភាពចលាចល»។
ក្រសួង បាននិយាយថា កងកម្លាំងអន្តរជាតិទាំងអស់ ត្រូវចំណាយកិច្ចខិតខំប្រឹងប្រែងជាអតិបរមា «ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលជាប្រភពសំខាន់នៃភាពតានតឹង នៅមជ្ឈិមបូព៌ា នៅចំណុចនេះ»។

មួយសន្ទុះមុននេះ យន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារទីក្រុងកំពង់ផែ Hudaydah របស់ប្រទេសយេម៉ែន ដែលមានទីតាំងនៅឆ្នេរសមុទ្រក្រហម។ ការវាយប្រហារផ្លូវអាកាស បានបណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និងប្រហែល ៨០នាក់ផ្សេងទៀតរងរបួស។ យោងតាមទូរទស្សន៍Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី កងទ័ពអាកាសអ៊ីស្រាអែល បានកំណត់គោលដៅលើនាវាដឹកប្រេង នៅក្នុងកំពង់ផែ ក៏ដូចជារោងចក្រថាមពលក្នុងទីក្រុងផងដែរ។ លើសពីនេះ ការវាយប្រហារតាមអាកាស បានសំដៅទៅលើអគារតម្រួតយោធា នៅភាគខាងជើងនៃទីក្រុង Hudaydah ដោយបង្កឲ្យមានអគ្គិភ័យដ៏ខ្លាំងក្លាមួយ ឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅកំពង់ផែនេះ។