
អ្នកប្រជាធិបតេយ្យឈានមុខគេ មិនបង្អែបង្អង់យូរបានសាទរ ចំពោះកេរដំណែលរបស់លោក Joe Biden កាលពីថ្ងៃអាទិត្យ (ទី២១ ខែកក្កដា) បន្ទាប់ពីមាននូវការសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីអាមេរិក ក្នុងការបញ្ចប់ការប៉ុនប៉ងជាប់ឆ្នោតឡើងវិញរបស់លោក តែផ្ទុយទៅវិញ ខាងក្រុមគណបក្សសាធារណរដ្ឋបានទាមទារឲ្យលាលែងពីតំណែង។
រាប់ចាប់តាំងពីអតីតប្រធានាធិបតី រហូតដល់សមាជិកសភាបច្ចុប្បន្ន ក្នុងគណបក្ស ពោលគឺអ្នកដែលមានជំនឿជឿជាក់លើលោក Biden បានរួមសាមគ្គីគ្នាជាធ្លុងមួយ នៅជុំវិញរូបលោក ខណៈដែលលោកបានប្រគល់ភារកិច្ចឲ្យទៅអនុប្រធានាធិបតី លោកស្រី Kamala Harris ដោយគាំទ្រឲ្យលោកស្រីចេញទៅតទល់ជាមួយលោក Donald Trump ដើម្បីប្រជែងកៅអីសេតវិមាន។

ចំណែកលោកស្រី Harris ផ្ទាល់ខ្លួន បានសរសើរចំពោះ «ទង្វើមិនអាត្មានិយម និងស្នេហាជាតិ» របស់លោក Biden ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្នាដៃរបស់លោកគឺ «មិនអាចប្រៀបផ្ទឹមបានឡើយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប ពោលគឺប្រសើរជាងកេរដំណែលរបស់ប្រធានាធិបតីជាច្រើនរូប ដែលបានកាន់តំណែងរយៈពេល ២អាណត្តិ»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អតីតប្រធានាធិបតី លោក Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton បាននិយាយថា ពួកគេ «ចូលរួមជាមួយប្រជាជនអាមេរិករាប់លាននាក់ថ្លែងអំណរគុណដល់ប្រធានាធិបតី លោក Biden សម្រាប់អ្វីៗទាំងអស់ដែលលោកសម្រេចបាន»។
តែយ៉ាងណាក្ដី ស្របពេលអ្នកប្រជាធិបតេយ្យ កំពុងនាំគ្នាពោលសរសើរលោកប្រធានាធិបតីវ័យ ៨១ឆ្នាំ ខាងបណ្ដាមេដឹកនាំរបស់គណបក្សសាធារណរដ្ឋឯណោះវិញ ក្នុងនោះរួមទាំងបេក្ខជានទី១ របស់គណបក្ស គឺលោក Trump ផងដែរ បានស្ដីបន្ទោសការកាន់តំណែងរបស់លោក Biden ហើយអំពាវនាវឲ្យលាលែងពីតំណែង៕